អគ្គនាយកដ្ឋានគយ ក្រើនរំលឹកឱ្យរថយន្តចង្កូតស្ដាំគ្មានពន្ធ​រួសរាន់បង់ពន្ធឱ្យបានមុនថ្ងៃទី៨ តុលា

73

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) បានក្រើនរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុង ប្រទេសប្រញាប់រួសរាន់មកបង់ពន្ធ និងអាករឱ្យបានមុនថ្ងៃទី៨ ខែ តុលាឆ្នាំ២០២២ដើម្បីចៀសវាងបង្រ្កាប ដោះគ្រឿងបន្លាស់ និងកំទេចចោលតាមច្បាប់និងបទប្បញ្ញត្តិ ជាធរមាន ដោយពុំមានការអនុគ្រោះទៀតឡើយ។

យោងតាមសេចក្ដីជួនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលទើបទទួលបាននៅថ្ងៃទី១៨ ខែកញ្ញានេះ បានឱ្យដឹងថា ការអនុញ្ញាតឱ្យម្ចាស់ រថយន្តចង្កូតស្តាំគ្មានពន្ធចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៨ខែតុលា ឆ្នាំ២០២២ ដោយពុំមានការពន្យារពេលឡើយ។

សេចក្ដីជួនដំណឹងបានបន្តថា ក្នុងន័យនេះ អគរសូមរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំ ដែលបានចុះបញ្ជី ប៉ុន្តែនៅមិនទាន់បានមក បំពេញកាតព្វកិច្ចបង់ពន្ធ និងអាករឱ្យ ប្រញាប់រួសរួនចូលមកបង់ពន្ធ និងអាករនៅតាម​បណ្តាអង្គភាពគយនិងរដ្ឋាករ រាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឱ្យបានមុនការកំណត់ដូច​បានជម្រាបជួនខាងលើ ជាកំហិតដើម្បីចៀសផុតពីការបង្រ្កាបដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណះជាយថាហេតុ។

សេចក្ដីជួនដំណឹងបានបន្តទៀតថាក្រោយថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ រថយន្តចង្កូតស្តាំអត់ពន្ធដែលបាន​ចុះបញ្ជីរួចដែលពុំបានបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករគឺជាមុខសញ្ញានៃការបង្ក្រាបរឹបអូស ដោះគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន ដោយពុំមានការអនុគ្រោះទៀតឡើយ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប ជាពិសេសម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ទាំងអស់ ចូលមកបំពេញកាតព្វ​កិច្ចពន្ធនឹងអាករឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា៕ សំអឿន

Turbo tech solutions
HQP