ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៧ ខែកញ្ញា កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់មួយចំនួន និងសូមបន្តមានការប្រុងប្រយត្ន័ ចំពោះជំនន់ទឹកភ្លៀង

127

យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា៖

សម្ពាធខ្ពស់នៅលើប្រទេសចិន បានរុញច្រានប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោម អូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានកម្ពុជា។ ដំណាលគ្នានោះ ខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីខ្សោយទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យក្នុងរយៈពេលមួយសប្តាហ៍ទៅមុខ៖

១.តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន ក្នុងនោះផ្នែកមួយចំនួននៃបណ្តាខេត្តនៅក្នុងភូមិសាស្ត្រជាប់នឹងជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន អាចមានភ្លៀងធ្លាក់ខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនដំណឹង សូមអាជ្ញាធរ ដែនដី និងសាធារណជនជ្រាបជាព័ត៌មាន និងបន្តមានការប្រុងប្រយត្ន័ ចំពោះជំនន់ដែលអាចកើតមក ពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត (Overflow) និងជំនន់ទឹកភ្លៀង (Flash Flood) ដែលនឹងបន្តធ្លាក់បន្ថែមថ្មីផ្ទួនៗទៀត ជាពិសេសនៅក្នុងភូមិសាស្ត្រនៃតំបន់ជាប់ជួរភ្នំ, ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្តជាប់ព្រំដែនថៃ៕

Turbo tech solutions
HQP