ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះលក់គ្រឿងជ័រមួយកន្លែង ខាតបង់ទឹកប្រាក់ជាង ២៥០០០ ដុល្លារ

133

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះលក់ឥវ៉ាន់មួយកន្លែង បង្កការភ្ញាក់ផ្អើលនៅ​វេលាម៉ោង ៧ ព្រឹក ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ នៅភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ម្ចាស់ផ្ទះ​មានឈ្មោះ​ ថុង សុឃឿន ភេទ​ប្រុស អាយុ​ ៤៧ ​ឆ្នាំ មុខរបរ​លក់គ្រឿង​ជ័រ ស្នាក់នៅ​កន្លែង​កើត​ហេតុ​ខាង​លើ ​។ តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា មុនពេល​កើត​ហេតុ​ខណៈ​ម្ចាស់​កំពុង​រៀបចំ​អីវ៉ាន់​ដាក់លក់​ដូរ​នៅ​ខាងក្រោម ​ស្រាប់តែ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​លើឡៅតឿ​ ភ្លាមនោះ​ក៏​ស្រែកហៅ​ឱ្យ​គេឯង​ជួយ​ និង​រាយ​ការ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាមៗ​ តែដោយសារ​នៅ​ខាង​លើ​សុទ្ធតែ​គ្រឿង​ជ័រ​ទើប​ធ្វើឱ្យ​ងាយ​ឆាបឆេះ​លឿន​រហ័ស​។

ដោយមាន​ការសហការ​ជាមួយ​ប្រជាពលរដ្ឋ ​និង​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ ភ្លើង​ក៏បាន​រលត់ទៅវិញ ​នៅវេលា​ម៉ោង ​៧ ​និង ​២០ ​នាទី និង​រង​ការខូចខាត​ទ្រព្យសម្បត្តិ​ប្រហែល ​៨០ ​ភាគរយ​សរុប​ជា​ទឹកប្រាក់​លុយ​ខ្មែរ​ ៦ ​លាន​រៀល លុយ​ដុល្លារ ​២០០ ចំណែក​សម្ភារៈ​ប្រហែល​ ២៥០០០ ​ដុល្លារ​ តែ​មិន​បណ្តាលឱ្យ​មនុស្ស​ណា​ម្នាក់​រងរបួស​នោះទេ​។ សមត្ថកិច្ច​បញ្ជាក់​ថា​ មូលហេតុ​នៃ​ការឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខាង​លើ​នេះ ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕

Turbo tech solutions
HQP