មនុស្ស២នាក់បានស្លាប់ក្នុងហេតុការណ៍មួយក្នុងស្រុករវៀង

256

ព្រះវិហារ ៖ មនុស្ស២នាក់បានស្លាប់ភ្លាមៗដោយក្នុងនោះមានអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់រវាងម៉ូតូជនរងគ្រោះ និងរថយន្តមួយគ្រឿង ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២ និង ៤៥នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២  ស្ថិតនៅលើផ្លូវជាតិលេខ៩៥ ចន្លោះគីឡូម៉ែត្រលេខ ៦៧-៦៨  ស្ថិតនៅភូមិរវៀងត្បូង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ។

   លោកវរសេនីយ៍ឯក ស៊ឹម សាយ អធិការនគរបាលស្រុករវៀង បានប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-3146 បើកបរដោយឈ្មោះ ណេង កឹង ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិភ្លោច ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ។ 

លោកថា អ្នកបើកបររថយន្តនោះ គ្មានរបួសស្នាមអ្វីនោះទេ ហើយត្រូវបានកម្លាំងនគរបាលជំនាញ នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុករវៀង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់ ។

  ចំណែក បុរសដែលជាជនរងគ្រោះទាំងពីរឈ្មោះ មាស ដែន ជាកសិករ និងជាអ្នកបើកបរម៉ូតូម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង ច្រាសទិសជាមួយរថយន្តបង្កហេតុ និង ម្នាក់ទៀត ឈ្មោះ បុល ជាអ្នករួមដំណើរ ជនរងគ្រោះទាំង២នាក់ មានមុខរបរជាកសិករ រស់នៅភូមិគោក ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ បានស្លាប់នៅកន្លែងកើតហេតុ ។

  លោកអធិការនគរបាលស្រុករវៀងបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យរងការគ្រោះថ្នាក់បែបនេះ គឺមកពីអ្នកបើកបររថយន្ដមានការខ្ជីខ្ជារ និង ធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន ក្នុងពេលបើកបរ និងបើកបរក្នុងល្បឿងលឿន អាចល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ផងដែរ ។

  លោកអធិការបានបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុ សាកសពត្រូវបាននាំយកទៅតម្កល់ទុក នៅវត្តច័ន្ទនិមិត ហៅ វត្តរវៀង និងក្រោយមក សាកសពត្រូវបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី។  ចំណែក សម្ភារៈវត្ថុតាង ត្រូវបាននាំយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុករវៀង រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ នៅពេលក្រោយ ៕

Turbo tech solutions
HQP