យុវជនម្នាក់ស្លាប់ ខណៈយកកាំបិតបុ័ងតោកាប់ដើមចេកប៉ះចំខ្សែភ្លើង

163

យុវជនម្នាក់ត្រូវឆក់ខ្សែភ្លើងឆក់ស្លាប់ខណៈកាន់កាំបិតបុ័ងតោ ដែលមានដងដែកដើរទៅកាប់ដើមចេកក្បែរចម្ការ ប៉ះចំខ្សែភ្លើង កាលពី​ថ្ងៃទី ​២០ ខែកញ្ញា ឆ្នាំ​ ២០២២ វេលា​ម៉ោង​ ១២ និង ៣០ នាទី ស្ថិតនៅ​ចំណុច​ក្បែរ​ស្រះ​ទឹក ក្នុងភូមិ​អង់​ជើង ឃុំ​តា​ម៉ឺ​ន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។

ជនរងគ្រោះ​មានឈ្មោះ សាង ចាន់​រី ភេទ​ប្រុស អាយុ ២៣ ឆ្នាំ រស់នៅក្នុង ភូមិ ឃុំ កើតហេតុ​ខាងលើ មុខរបរ ធ្វើ​ចម្ការ ​។

តាម​ការបំភ្លឺ​ពី​ឈ្មោះ ដៀវ ម៉ន ភេទ​ស្រី អាយុ ៥៣ ឆ្នាំ ត្រូវជា​ម្ដាយបង្កើត​របស់​សាកសព បាន​រៀបរាប់ថា នៅវេលា​ម៉ោង ៨ ព្រឹក ក្នុង​ថ្ងៃកើតហេតុ គាត់​បាន​ប្រើ​កូនប្រុស​របស់គាត់ (​ជនរងគ្រោះ​) ឲ្យជិះ​ម៉ូតូ​ដឹក​គាត់​ទៅ​ចម្ការ​ដែល​ស្ថិតនៅ​ខាងជើង​ប្រឡាយ​ ៧០ លុះ​នៅ​ម៉ោង​ប្រហែល​ ១០ ​ព្រឹក កូនប្រុស​របស់គាត់ បាន​យក​កាំបិត​បុ័ងតោ​ដែលមាន​ដង​ដែក​ទៅ​កាប់​ដើម​ចេក​នៅជាប់​មាត់​ស្រះ​ក្បែរ​ចម្ការ ពេលនោះ​គាត់​បានឃើញ​កូនប្រុស​របស់គាត់​ឈរ​ត្រង់​ខ្លួន​ដៃ​ម្ខាង​កាន់​កាំបិត​បុ័ងតោ​ជាប់​នឹង​ដើម​ចេក ពេលនោះ​គាត់​ក៏បាន​ស្រែកហៅ​តែ​កូន​របស់គាត់​មិន​ឆ្លើយតប គាត់​ក៏មាន​ការសង្ស័យ​ទើប​ដើរ​ទៅជិត​កូន​ទើប​ដឹងថា ​កូន​ត្រូវ​ខ្សែភ្លើង​ឆក់ ទើប​គាត់​ស្រែក​ឆោឡោ​ឡើង ​ដើម្បីឲ្យ​អ្នកស្រែ​ដែល​នៅក្បែ​រនោះ​ជួយ រួច​ក៏បាន​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មគោល ប៉ុន្តែ​ត្រូវបាន​គ្រូពេទ្យ​ប្រាប់ថា កូន​គាត់​ស្លាប់​បាត់ទៅហើយ​។​

ក្រោយពី​សមត្ថកិច្ច​ចុះ​ពិនិត្យ​ដល់ទី​តាំង​កើតហេតុ និង​បាន​ពិនិត្យ​ទៅលើ​ជនរងគ្រោះ ទើប​ធ្វើការ​សន្និដ្ឋាន​ថា សព​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង មែន​ដោយសារ​ឆ្លង​ចរន្ត​តាម​ដងកាំបិត។ បច្ចុប្បន្ន​ សព​បានប្រគល់​ជូន​ក្រុមគ្រួសារយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Turbo tech solutions
HQP