លិចទូកជនជាតិចិន១គ្រឿង នៅកណ្តាលសមុទ្រ មនុស្ស១៨នាក់ ត្រូវបានសង្រ្គោះ ក្នុងចំណោម៤១នាក់ ក្រៅពីនោះបាត់ខ្លួន

109

ព្រះសីហនុ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាងភារម្យ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ថា ករណីទូកជនជាតិចិនលិចកាលពីថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១០:៣០​នាទីព្រឹក​នោះ បើយោងតាមរបាយការណ៍ពីលោកវរសេនីយ៍ឯក អ៊ុន សម្ភស្ស មេបញ្ជាការវរសេនាតូចលេខ២៤០ ថា មានករណីលិចទូកចំនួន ១គ្រឿង ស្ថិតនៅ​​ចំណុច​និយាមកាម ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង។​


លោក ឃាង ភារម្យ បានបញ្ជាក់ថា ក្នុងករណីនេះ លោកវរសេនីយ៍ឯក ប៊ូ ណាំ អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាបចំនួន ១៦នាក់ និងមធ្យោបាយចំនួន ២គ្រឿង ចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្សបានចំនួន ១៨នាក់។ ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ស្រុកំណើត ខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន ៤១នាក់(ស្រី៣នាក់) សង្រ្គោះបាន១៨នាក់ បាត់ខ្លួនចំនួន ២៣នាក់(ស្រី ៣នាក់)។


បច្ចុប្បន្នជនរងគ្រោះទាំង១៨នាក់ បានរក្សាទុកនៅវរសេនាតូចលេខ២៤០(កោះរ៉ុង) និងកំពុងស្វែងរកជនរងគ្រោះដែលបាត់ខ្លួន ២៣នាក់ បន្តទៀត។ ទន្ទឹមនេះកម្លាំងអង្គភាពបានធ្វើការឃាត់ទូកចំនួន ១គ្រឿងផ្សេងទៀត មានមនុស្សចំនួន ២នាក់ មានឈ្មោះ សឿ ម៉ៅ អាយុ៣១ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ តៃកុងទូក អាស័យដ្ឋានបច្ចុប្បន្ន សង្កាត់១(ទំនប់រលក) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងឈ្មោះ កែម សេន អាយុ៤០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ តៃកុងទូក អាស័យដ្ឋានបច្ចុប្បន្ន ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បច្ចុប្បន្នមនុស្សទាំង ២នាក់ បានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុង និងខេត្តព្រះសីហនុ ដោយឡែកទូករក្សាទុកនៅអង្គភាព៕
ដោយ៖ ប៉ៃ សុឃីម

Turbo tech solutions
HQP