គិតត្រឹមម៉ោង២រសៀលថ្ងៃនេះករណីលិចទឹកនៅខេត្តព្រះសីហនុរកឃើញមនុស្ស៣៣នាក់ហើយក្នុងនោះស្លាប់៣នាក់ និងកំពុងបាត់ខ្លួន៨នាក់

96

ព្រះ​សីហ​នុ ៖ គិត​ត្រឹម​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២២​នេះ ជន​រង​គ្រោះ​ក្នុង​ករណី​លិច​ទូក នៅ​ចំណុច​និយាម​កា ១០.២៥N ១០៣.១៦E នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ចំនួន​សរុប​៤១​នាក់ និង​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​ស្វែងរក​ឃើញ​សរុប​៣៣​នាក់ ក្នុងនោះ​ស្លា​ប់​០៣​នាក់​និង​បាត់​ខ្លួនចំនួន​៨​នាក់ ដោយ​សមត្ថកិច្ច និង​ក្រុម​ជួយ​សង្គ្រោះ​កំពុង​ស្វែងរក​អ្នក​បាត់​ខ្លួន​បន្ត​ទៀត​។

សូម​បញ្ជាក់​ជូន​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​៣៣​នាក់​នោះ កម្ពុជា​ជួយ​សង្គ្រោះ និង​ស្វែងរក​ឃើញ​បាន​២៤​នាក់ និង​វៀតណាម​ជួយ​សង្គ្រោះ​បាន​០៩​នាក់​។

សូម​រំលឹក​ថា ករណី​លិច​ទូក​ចំនួន​១​គ្រឿង ដឹក​ជនជាតិ​ចិន​៤១​នាក់ ស្ថិត​នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​មាន​ស្ត្រី ៣​នាក់​។ ភ្លាម​ៗ​នោះ គេ​បាន​ជួយ​សង្គ្រោះ​បុរស​១៨​នាក់ ហើយ​បាត់​ខ្លួន​ចំនួន​២៣​នាក់ ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ បើ​យោង​តាម​ផេ​ក​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ប្រកាស​ថា ជន​រង​គ្រោះ​ដោយសារ​ករណី​លិច​ទូក​នេះ មាន​ចំនួន​សរុប​៤១​នាក់ និង​ត្រូវ​បាន​ជួយ​សង្គ្រោះ​សរុប​២២​នាក់ (​ស្លា​.​ប់​០១​នាក់​) និង​បាត់​ខ្លួន​១៩​នាក់ ដោយ​សមត្ថកិច្ច និង​ក្រុម​ជួយ​សង្គ្រោះ​កំពុង​ស្វែងរក​អ្នក​បាត់​ខ្លួន​បន្ត​ទៀត​។

ដោយឡែក​តាម​ព័ត៌មាន​មិន​ទាន់​ផ្លូវការ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ចំនួន​០៩​នាក់​ផ្សេង​ៗ​ទៀត​បាន​ហូរ​ទៅ​កាន់​ព្រំ​ដែនទឹក​ប្រទេស​វៀតណាម និង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អាជ្ញាធរ​វៀតណាម​ផង​ដែរ ដោយ​ករណី​នេះ ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន និង​កំពុងធ្វើការ​ទំនាក់ទំនង​ជាមួយ​ស្ថានទូត​សាធារណរដ្ឋ​ចិន​ប្រចាំ​ប្រទេស​វៀតណាម ដើម្បី​បញ្ជាក់​ពី​ភាព​ច្បាស់លាស់​បន្ថែម​ទៀត​៕

Turbo tech solutions
HQP