លោក សុខ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី បានស្លាប់បន្ទាប់ពីត្រូវម៉ូតូបុកយ៉ាង​ពេញទំហឹង

80

រតនគិរី៖ លោក សុខ វុឌ្ឍី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រតនគិរី បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ចត​រថយន្ត​នៅ​ក្បែរ​របង​សាលារៀន​បឋមសិក្សា​ឡា​បាន​សៀក ហើយ​ដើរ​ឆ្លង​ទទឹង​ផ្លូវ​ទៅ​ហាង​លក់​សាច់​អាំង​”​យីហោ​”​ឈ្មោះ​ស្រី​ហេង ត្រូវ​ម៉ូតូ​បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ផ្លោង​ជាច្រើន​ម៉ែត្រ បោក​ក្បាល​​នឹង​ផ្លូវថ្នល់ ហូរ​ឈាម​ពេញ​ផ្លូវ រង​របួស​ធ្ងន់ ត្រូវ​បាន​ដឹក​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ប៉ុន្តែ​ជា​អកុសល លោក​ក៏បាន​ស្លាប់​បាត់បង់ជីវិត​ទៅ​ហើយ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៨ និង ៤០ នាទី​យប់ ថ្ងៃ​ទី ៦ ខែ​តុលា ឆ្នាំ ២០២២ ត្រង់​ចំណុច​មុខ​សាលាបឋមសិក្សា​ឡា​បាន​សៀក ស្ថិតនៅ​ភូមិ​អូកន្ទឹល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង។

លោក អ៊ុង សុភាព ស្នងការ​រង​ទទួល​ផែន​សណ្ដាប់ធ្នាប់​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ករណី​នេះ​កើតឡើង​រវាង​ម៉ូតូ​បុក​អ្នកដើរ​ថ្មើរជើង​ឆ្លងកាត់​ទទឹង​ផ្លូវ​ពី​កើត​ទៅ​លិច​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ​បោក​ក្បាល​នឹង​ផ្លូវថ្នល់ ហូរ​ឈាម​ស្រោច​ពេញ​ផ្លូវ​។ ចំពោះម៉ូតូបង្ក​ម៉ាក​វេវ(អត់ខោអាវ ខ្វះលក្ខណៈបច្ចេកទេស) ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ ស៊ីម ឡាយ អាយុ ១៦ ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគីរី រង​របួស​ធ្ងន់ បែក​ក្បាល ឈាម​ហូរ​តាម​មាត់​ច្រមុះ រលាត់​ជើង និង​ខ្លួន។​

លោក​បន្ត​ថា ជនរងគ្រោះ​ឈ្មោះ សុខ វុឌ្ឍី ភេទ​ប្រុស អាយុ ៦៦ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត រស់នៅ​ភូមិ​ទេសអន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគីរី ស្លាប់​ក្រោយ​ដឹក​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត។ បន្ថែម​នោះ ខណៈ​ម៉ូតូ ១ គ្រឿង​នេះ ជិះ​លឿន​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ បុក​មនុស្ស​កំពុង​ដើរ​ឆ្លងកាត់​ផ្លូវ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ហើយ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ដោយ​អាការ​ធ្ងន់ធ្ងរ​ពេក។​

សព​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​ក្រុងភ្នំពេញ តាម​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត មាន​រថយន្ត​ប៉ូលិស និង​កងកម្លាំង​នគរបាល​រួម​ដំណើរ​ទៅ​ជាមួយ ដើម្បី​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន នៃ​សព។ បច្ចុប្បន្ន វត្ថុតាង​ម៉ូតូ បាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​បំពេញ​សំណុំរឿង​ទៅតាម​នីតិវិធី៕

Turbo tech solutions
HQP