សង្គ្រោះបានជនបរទេសចំនួន ៥១១នាក់ ឃាត់ខ្លួន ៦៧នាក់ ពាក់ព័ន្ធអំពើជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់

73

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាប អំពើជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្រសួងមហាផ្ទៃ បានជួយសង្គ្រោះជនបរទេសចំនួន ៥១១នាក់ បិទក្រុមហ៊ុន ៥ទីតាំង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៦៧នាក់។ត

ការថ្លែងធ្វើនៅក្នុងកិច្ចប្រជុំកិច្ចប្រជុំស្តីពី លទ្ធផលនៃការអនុវត្តយុទ្ធនាការប្រចាំគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ ខែតុលានេះ នៅទីស្ដីការក្រសួង។

លោក សក់ សេដ្ឋា បានបន្តថា  គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា ទទួលបានសំណើតាមរយៈបញ្ជីតាមដានរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន ៤២៥សំណើ មានមនុស្សសរុបចំនួន ១ ០៦៧នាក់ មាន ១៣សញ្ជាតិ។

លោកបានបន្តទៀតថា ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចពាក់ព័ន្ធបានតាមស្រាវជ្រាវស៊ើបអង្កេតបឋមចំនួន ២៣២សំណើ ឃាត់ខ្លួនជនសង្ស័យចំនួន ៦៧នាក់ ក្នុងនោះមានជនជាតិចិន ៥២នាក់, ខ្មែរ ១៣នាក់, និងជនជាតិវៀតណាម ២នាក់ ជួយសង្គ្រោះជនបរទេសចំនួន ៥១១នាក់ និងបន្តស្រាវជ្រាវក្រុមហ៊ុនចំនួន ៤ទីតាំងទៀត៕

Turbo tech solutions
HQP