ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែតុលា ភ្លៀងនឹងនៅតែបន្តធ្លាក់លើផ្ទៃប្រទេស អាចនិងមានភ្លៀងពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

73

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ បានសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែតុលា ភ្លៀងនឹងនៅតែបន្តធ្លាក់លើផ្ទៃប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលទទួលបាននៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។

ក្រសួងធនធានទឹក បានឲ្យដឹងថា យោងតាមស្ថានភាពអាកាសធាតុដែលបាននឹងកំពុងវិវត្តជាក់ស្តែង នឹងបន្តវិវត្តជាបន្តបន្ទាប់ បានបង្ហាញឲ្យឃើញថា កម្ពុជាស្ថិតនៅក្នុងតំបន់ប្រសព្វរវាងទ្រនុងសម្ពាធខ្ពស់ពីចិន និងជ្រលងសម្ពាធទាប ដែលរុញច្រានពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង។ ជាមួយគ្នានោះ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ ក៏នឹងអាចកើតមានសម្ពាធទាបសកម្ម (Active Low) មួយដើរចូលមកលើភាគអាគ្នេយ៍ នៃប្រទេសវៀតណាម។

លក្ខណៈបែបនេះ នឹងធ្វើកម្ពុជាចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២២ ភ្លៀងនឹងនៅតែបន្តធ្លាក់លើផ្ទៃប្រទេស។ ក្នុងនោះបណ្តាខេត្តនៃតំបន់ខ្ពង់រាបភាគឦសាន និងពាយព្យជាប់ជួរភ្នំដងរែក នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។ សម្រាប់រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតនៅភាគខាងក្រោម នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ ក្នុងចន្លោះពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ នឹងអាចមានសភាពអាប់អួរ ដោយមានភ្លៀងលាយឡំនឹងខ្យល់បក់បោក និងកំសួលរលកសមុទ្របង្គួរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

Turbo tech solutions
HQP