អ្នកបើករថយន្តដឹកខ្សាច់ម្នាក់រអិលដួលប៉ះម៉ូទ័របូមទឹកបណ្ដាលឱ្យឆក់.ស្លា.ប់.នៅស្រុកមុខកំពូល

211

កណ្ដាល៖ បុរសជាអ្នកបើករថយន្តដឹកខ្សាច់ម្នាក់ខណៈកំពុងដើរត្រឡប់មកពីយកវិក្កយបត្រទូទាត់ប្រាក់ថ្លៃទិញខ្សាច់វិញបណ្ដាលឱ្យរអិលជើងដួលទៅប៉ះនឹងម៉ូទ័របូមទឹកដែលបូមចេញពីរណ្ដៅខ្សាច់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី នៅចំណុចដេប៉ូខ្សាច់របស់ឈ្មោះ គឿន ភារម្យ  ស្ថិតក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ូច រ៉ាមីត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកខ្សាច់ មានទីលំនៅសព្វថ្ងៃភូមិអំពិលទឹក ឃុំសំបួរមាស  ស្រុកមុខកំពូល ខេត្តកណ្តាល។  វត្ថុតាងចាប់យកមានម៉ូទ័របូមទឹកចំនួន០១ ។

ប្រភពដដែលបន្តថា កន្លងមកជនរងគ្រោះធ្លាប់មកដឹកខ្សាច់នៅដេប៉ូ របស់ឈ្មោះ គឿន ភារម្យ រយៈពេលជិត ០២ខែមកហើយ ដើម្បីយកទៅលក់បន្ត។ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី ជនរងគ្រោះបានបើករថយន្តបែនរបស់ខ្លួនទៅទិញខ្សាច់នៅដេប៉ូខ្សាច់(កន្លែងកើតហេតុ) ពេលទៅដល់ជនរងគ្រោះបានបើករថយន្តចូលទៅកន្លែងពំនូកខ្សាច់ដើម្បីឱ្យអេស្កាវ៉ាទ័រកាយខ្សាច់ដាក់លើរថយន្ត ។ ពេលអេស្កាកំពុងកាយខ្សាច់ដាក់រថយន្តជនរងគ្រោះបានចុះពីលើរថយន្តដើរទៅយកវិក្កយបត្រពីឈ្មោះសួន ចិត្រា ជាគណនីខាងដេប៉ូខ្សាច់ ដោយជនរងគ្រោះដើរតាមទំនប់ទប់ខ្សាច់។ ក្រោយពីយកវិក្កយបត្ររួច ជនរងគ្រោះបានដើរត្រឡប់មកវិញតាមទំនប់ទប់ខ្សាច់នោះដដែល ពេលមកជិតដល់រថយន្តរបស់ខ្លួន ជនរងគ្រោះក៏រអិលជើងទៅប៉ះនឹងម៉ូទ័របូមទឹកដែលគេកំពុងដាក់បូមទឹកចេញពីក្នុងដេប៉ូខ្សាច់ ក្បែររថយន្តរបស់ខ្លួននោះ បណ្តាលឱ្យឆក់ជនរងគ្រោះដួលផ្កាប់មុខទៅក្នុងទឹក។ ពេលនោះឈ្មោះកែវ រុន ដែលទៅដឹកខ្សាច់ដែរនោះឃើញជនរងគ្រោះដូច្នេះ ក៍ស្រែកឆោឡោថា (មានមនុស្សឆក់ខ្សែភ្លើង) ឮដូច្នេះឈ្មោះសួន ចិត្រា ដែលជាគណនេយ្យរបស់ដេប៉ូខ្សាច់បានរត់មកដកឌុយខ្សែភ្លើងម៉ូទ័រចេញពីព្រី រួចឈ្មោះ កែវ រិន និងតៃកុងឡានម្នាក់ទៀតមិនស្គាល់ឈ្មោះបានទៅជួយលើកជនរងគ្រោះពីក្នុងទឹកដាក់ទៅលើទំនប់ហើយនាំគ្នាជួយធ្វើចលនាឱ្យជនរងគ្រោះ តែជនរងគ្រោះមិនដឹងខ្លួន ក្នុងពេលនោះក៏មានអ្នកទូរស័ព្ទមកប្រាប់ក្រុមគ្រួសាររបស់ជនរងគ្រោះ ។

បន្ទាប់មកអ្នកទាំងអស់គ្នានោះនឹងក្រុមគ្រួសាររបស់ជនរងគ្រោះ បានលើកជនរងគ្រោះដាក់រុឺម៉កយកទៅមន្ទីរពេទ្យបង្អែកខណ្ឌព្រែកព្នៅ ពេលទៅដល់មន្ទីរពេទ្យ គ្រុមគ្រូពេទ្យ ក៏ដឹកជនរងគ្រោះបន្តតាមរថយន្តសាមុយទៅមន្ទីរពេទ្យកាល់ម៉ែត។

ពេលទៅដល់មន្ទីរពេទ្យកាល់ម៉ែត ក្រុមគ្រូពេទ្យបានប្រាប់ក្រុមគ្រួសាររបស់ជនរងគ្រោះថា  ជនរងគ្រោះស្លាប់បាត់ហើយ។ បន្ទាប់មកក្រុមគ្រួសារក៏ដឹកសពជនរងគ្រោះយកទៅតម្កល់នៅផ្ទះរបស់ខ្លួនវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Turbo tech solutions
HQP