រថយន្តបើកលឿនពេកជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឱ្យយុវជនម្នាក់.ស្លា.ប់. នៅស្រុកស្អាង

89

ខេត្តកណ្ដាល ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម ខណៈដែលកំពុងជិះម៉ូតូសុខៗស្រាប់តែត្រូវរថយន្តមួយគ្រឿងបើកមកបុកពេញទំហឹង កាលពីថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២៣និង៥០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកអ៊ុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ 

ជនរងគ្រោះឈ្មោះ ចាន់ សុខឡេង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល  បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ2010 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BB-4480 ។ ចំណែកភាគីខាងរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-8505 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ​ គេបានឃើញរថយន្ដមួយគ្រឿងខាងលើបើកបរក្នុងទិសដៅពីត្បូងទៅជើង (កោះធំ-តាខ្មៅ) លុះបើកមកដល់ចំណុចភូមិឃុំកើតហេតុក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមដែលបើកបញ្រ្ជាសទិសគ្នាពីជើងទៅត្បូង (តាខ្មៅ-កោធំ) ពេញមួយទំហឹង បណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបររថយន្តបានទុករថយន្តចោល រួចរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពី​បាន​ទទួល​ព័ត៌មាន​ខាងលើ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងវាស់វែងកន្លែងកើតហេតុ រួចហើយយកវត្ថុតាងទាំងពីរមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែក​សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ 

ការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពី​អ្នកបើកបរររថយន្ដបើកបរក្នុងល្បឿនលឿន  ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ។  អ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿន  ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឱ្យមានគ្រោះថ្នាក់កើតឡើង ៕

Turbo tech solutions
HQP