ចោរថ្លើមធំហ៊ានប្លន់យកម៉ូតូពីយុវតីម្នាក់នៅកណ្តាលក្រុងភ្នំពេញ​ និងបាញ់យុវជនម្នាក់រងរបួស

57

ភ្នំពេញ៖ យុវជនម្នាក់ក្នុងចំណោមក្រុមអ្នកដឹកជញ្ជូន(E-get) បានរងរបួសត្រូវគ្រាប់កាំភ្លើង ខណៈព្យាយាមដេញតាមជនសង្ស័យ ២នាក់ ក្រោយពីធ្វើសកម្មភាពប្លន់ម៉ូតូ និងទូរសព្ទដៃពីយុវតីម្នាក់មិនបានសម្រេច រួចជិះរត់គេច កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅច្រកចេញចូលផ្ញើរម៉ូតូ សួនអ៊ីដេនហ្គាដេន ក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យុវតីរងគ្រោះ បានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ នាងបានជិះម៉ូតូម៉ាកស្កូពី ពណ៌ប្រផេះ មិនទាន់មានស្លាកលេខ ធ្វើដំណើរពីពោធិចិនតុងទៅកាន់សួនអ៊ីដេនហ្គាដេន ដើម្បីទទួលមិត្តភ័ក្តិចេញពីធ្វើការ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកក្បែរស្ងាត់ៗ រួចធ្វើសកម្មភាពប្លន់យកម៉ូតូ ដោយប្រទាញប្រទង់គ្នាទៅវិញទៅមក យុវតីរងគ្រោះបានលែងម៉ូតូរួចរត់ចេញ ហើយស្រែកថាចោរៗ ស្រាប់តែមានអ្នកជិតខាងនាំគ្នាររត់មកជួយ។ ពេលនោះជនសង្ស័យបានព្យាយាមបញ្ឆេះម៉ូតូរត់ តែម៉ូតូរបស់យុវតីរងគ្រោះប្រើសោរវៃឆ្លាត(SMART KEY) មិនអាចបញ្ឆេះបាន ទើបសម្លុតយកទូរសព្ទ តែយុវតីរងគ្រោះនៅតែប្រកែក ទើបជនសង្ស័យឡើងម៉ូតូរបស់ខ្លួន ជិះរត់គេចភ្លាមៗ។

តាមសម្តីរបស់មិត្តយុវតីរងគ្រោះ បានឱ្យដឹងដែរថា បន្ទាប់ពីបានឭយុវតីរងគ្រោះស្រែកថាចោរៗ ពួកគេនាំគ្នាមួយក្រុមរត់សម្តៅទៅកន្លែងកើតហេតុ តែជនសង្ស័យបានជិះចេញភ្លាមៗ ហើយក៏បានឃើញយុវជនមួយក្រុមដែលជាក្រុមអ្នកដឹកជញ្ជូនធ្វើសកម្មភាពដេញតាមពីក្រោយតែម្តង។

យោងតាមសម្តីរបស់យុវជនម្នាក់ ក្នុងចំណោមក្រុមអ្នកដឹកជញ្ចូន បានឱ្យដឹងថា គ្នារបស់គាត់ម្នាក់ក្នុងចំណោមអ្នកដឹកជញ្ជូន ត្រូវបានរងរបួសក្បាលជង្គង់ ខណៈព្យាយាមដេញតាមជនសង្ស័យ និងត្រូវជនសង្ស័យបាញ់ត្រូវ ២គ្រាប់ តែគ្រាប់កាំភ្លើង ជាប្រភេទកាំភ្លើងខ្យល់ មិនប៉ះពាល់ធ្ងន់ខ្លាំង ទើបនាំគ្នាបញ្ជូនជនរងគ្រោះទៅពេទ្យ ហើយឈប់បន្តការដេញតាមតទៅទៀត។

សូមបញ្ជាក់ថា ក្នុងពេលដែលយុវជនក្រុមដឹកជញ្ជូនធ្វើការដេញតាមជនសង្ស័យទាំងពីរនាក់នោះបានជិះរត់ពីសួនអ៊ីដេនហ្គាដេន រហូតដល់ផ្លូវកែងបត់ទៅផ្លូវ២០០៤ ហើយជនសង្ស័យបានបាញ់យករួចខ្លួនតាមផ្លូវជាច្រើនគ្រាប់រហូតរត់គេចខ្លួនបានសម្រេច។ ក្រោយកើតហេតុ ក៏មិនមានវត្តមានសមត្ថកិច្ចទេ ទើបប្រជាពលរដ្ឋឱ្យយុវតីរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកន្លែងកើតហេតុរបស់ខ្លួន ដើម្បីឱ្យសមត្ថកិច្ចតាមស្វែងរកជនសង្ស័យ៕

Turbo tech solutions
HQP