រដ្ឋមន្ត្រីក្រសួងធំៗចំនួន៣រូបនៅជប៉ុនបានលាលែងពីតំណែងក្នុងរយៈពេលមិនដល់មួយខែផង

53

រដ្ឋមន្ត្រីបីរូបនៅក្នុងគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Kishida Fumio គឺរដ្ឋមន្ត្រីមហាផ្ទៃ រដ្ឋមន្ត្រីសេដ្ឋកិច្ច និងរដ្ឋមន្ត្រីយុត្តិធម៌ បានលាលែងពីតំណែងក្នុងរយៈពេលមិនដល់មួយខែផង។


យោងតាមការផ្សាយរបស់ទូរទស្សន៍ NHK បានផ្សាយថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជប៉ុន Terada Minoru បានលាលែងពីតំណែងជុំវិញការជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវហិរញ្ញវត្ថុ។


លោក Terada បានសារភាពថាលោកមានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវដែលថាក្រុមគាំទ្រមួយរបស់លោកបានបញ្ជូនឯកសារផ្តល់មូលនិធិដែលចុះហត្ថលេខាដោយបុគ្គលដែលបានស្លាប់។ នាយករដ្ឋមន្ត្រី Kishida Fumio បានទទួលយកការលាលែងពីតំណែងរបស់លោកTerada ដោយនិយាយថា គាត់នឹងតែងតាំងអ្នកស្នងតំណែងថ្មីនៅថ្ងៃទី ២១ ខែវិច្ឆិកា។


យោងតាម NHK នាយករដ្ឋមន្ត្រី Kishida ទំនងជានឹងតែងតាំងលោក Takeaki Matsumoto ដែលជាអតីតរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជប៉ុនឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក Terada គឺជាសមាជិកគណៈរដ្ឋមន្ត្រីទីបីដែលបានលាលែងពីតំណែងក្នុងរយៈពេលមិនដល់មួយខែ ដែលជះឥទ្ធិពលអវិជ្ជមានដល់ការគាំទ្រដ៏រង្គោះរង្គើរួចទៅហើយនៃរដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Kishida ។


នៅថ្ងៃទី២៤ ខែតុលា លោក Yamagiwa Daishiro បានលាលែងពីតំណែងជារដ្ឋមន្ត្រីស្តារសេដ្ឋកិច្ច ដោយសារទំនាក់ទំនងរបស់គាត់ជាមួយអង្គការសាសនាដ៏ចម្រូងចម្រាសមួយ គឺអង្គការសាសនាចក្របង្រួបបង្រួម។


កាលពីពាក់កណ្តាលខែវិច្ឆិកា លោក Hanashi Yasuhiro បានលាលែងពីតំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយសារតែការអត្ថាធិប្បាយ ដែលត្រូវបានគេមើលឃើញថា មិនយកចិត្តទុកដាក់ចំពោះទំនួលខុសត្រូវការងាររបស់គាត់។


ការលាលែងពីតំណែងរបស់លោក ហាណាស៊ី និងលោក តេរ៉ាដា ត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរជាពិសេស ដោយសារតែពួកគេត្រូវបានគេចាត់ទុកថាជាសមាជិកជិតស្និទ្ធរបស់លោក គីស៊ីដា នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP)។


ប្រជាប្រិយភាពរបស់ Kishida បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី Shinzo Abe កាលពីខែកក្កដា ៕ 

Turbo tech solutions
HQP