ទួកគីបើកការវាយប្រហារតាមដែនអាកាស ក្នុងប្រទេសស៊ីរី

51

តួកគី៖ ក្រសួងការពារជាតិទួកគី បានឱ្យដឹងថា យន្តហោះចម្បាំងទួកគី បានធ្វើការវាយប្រហារតាមដែនអាកាស ទៅលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធឃឺដ នៅភាគខាងជើងប្រទេសស៊ីរី និងភាគខាងជើងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ កន្លងទៅ។ ការវាយប្រហារនេះ បានបំផ្លាញគោលដៅចំនួន ៨៩ ហើយនេះគឺជាការសងសឹកចំពោះការវាយប្រហារដោយគ្រាប់បែកពីសំណាក់ក្រុមសកម្មប្រយុទ្ធខាងលើ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី បានបង្កឱ្យមនុស្ស ៦នាក់ស្លាប់ និង ជាង ៨០នាក់រងរបួស កាលពីមួយសប្តាហ៍មុន ថ្ងៃទី១៣ ខែវិច្ឆិកា ។


ក្រសួងការពារជាតិទួកគីដដែល បានគូសបន្ថែមថា នេះគឺជាការវាយប្រហារ ដោយសំដៅទៅលើមូលដ្ឋានរបស់គណបក្សពលករឃឺដ (PKK) និងកងជីវពលឃឺដ (YPG) ក្នុងប្រទេសស៊ីរី ពីព្រោះតែ YPG ជាបណ្តាញរបស់ PKK ។ ក្រសួងការពារជាតិទួកគី ក៏បានបង្ហាញខ្សែអាត់វីដេអូ នៃការវាយប្រហារទៅលើគោលដៅដោយយន្តហោះចម្បាំងរបស់ខ្លួនដែរ ។


រដ្ឋាភិបាលទួកគីក៏បានអះអាងថា ការវាយប្រហារនេះ គឺជាការបញ្ជាដោយផ្ទាល់ពីសំណាក់ប្រធានាធិបតីទួកគី បន្ទាប់ពីពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិទួកគី ក្នុងពេលវិលត្រឡប់មកពីកិច្ចប្រជុំកំពូល ជី២០ នៅឯកោះបាលី ។


រដ្ឋធានីអង់ការ៉ា (Ankara) បានចោទប្រកាន់ទៅលើក្រុមសកម្មប្រយុទ្ធឃឺដ ចំពោះការបំផ្ទុះនៅលើវិថីមួយ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ខណៈមិនមានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនោះទេ ដោយក្រុម PKK និងគណបក្សប្រជាធិបតេយ្យស៊ីរី ដឹកនាំដោយកងកម្លាំងឃីដ (SDF) បានបដិសេធថាមិនជាប់ពាក់ព័ន្ធ ៕

Turbo tech solutions
HQP