រាជរដ្ឋាភិបាលសម្រេច បង្កើត​ក្រុងថ្មី ៣ និងស្រុកថ្មី ២ទៀត នៅខេត្តកណ្តាល ខេត្តក្រចេះ និងខេត្តកំពង់ស្ពឺ​

155

នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ ដាច់ដោយឡែកពីគ្នា យ៉ាងហោចណាស់ ៤ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះ ដោយបានសម្រេចបង្កើតក្រុងថ្មី ២​ទៀត នៅខេត្តកណ្តាល គឺ «ក្រុង​អរិយក្សត្រ» និង​ «ក្រុង​សំពៅពូន»។ ក្នុងនោះ ក៏មានបង្កើតក្រុងថ្មី១ និងស្រុកថ្មី១ នៅខេត្តកំពង់ស្ពឺ ដោយបំបែកស្រុកឧដុង្គ ជា ២ គឺ «ក្រុងឧដុង្គម៉ែជ័យ» និង«ស្រុកសាមគ្គីមុនីជ័យ»។ ក្រៅពីនោះ រាជរដ្ឋាភិបាល ក៏បានបង្កើត​ស្រុកថ្មីមួយទៀត នៅខេត្តក្រចេះ គឺ «ស្រុកអូរគ្រៀងសែនជ័យ»។ ​

អនុក្រឹត្យ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចបង្កើត «ក្រុងអរិយក្សត្រ» ក្នុងខេត្តកណ្តាល ដោយកាត់យក​ឃុំ​ ៦ ពីស្រុកខ្សាច់កណ្តាល គឺឃុំបាក់​ដាវ ឃុំកោះឧកញ៉ាតី ឃុំ​ព្រែកអំពិល ឃុំ​ព្រែកលួង ឃុំ​ព្រែកតាកូវ និង​ឃុំ​ស្វាយជ្រុំ ព្រមទាំងកាត់​ឃុំ ចំនួន ៥ ពីស្រុកល្វាឯម គឺឃុំអរិយក្សត្រ ឃុំ​សារិកាកែវ ឃុំ​ពាមឧកញ៉ាអុង ឃុំ​ព្រែកក្មេង និងឃុំ​បារុង។

អនុក្រឹត្យ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចបង្កើត​ «ក្រុងសំពៅពូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន ៥ ពីស្រុកកោះធំ គឺឃុំឈើខ្មៅ ឃុំ​ព្រែកជ្រៃ ឃុំព្រែកស្ពឺ ឃុំជ្រោយតាកែវ និងឃុំសំពៅពូន​។

ចំណែក «ស្រុកអូរគ្រៀងសែនជ័យ» នៃខេត្តក្រចេះ ដែលទើបបង្កើតថ្មី ត្រូវកាត់យក ៥ឃុំ ពីស្រុកសំបូរ គឺឃុំ​ក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរកណ្តៀរសែនជ័យ ឃុំរលួស​មានជ័យ និងឃុំស្រែជិះ​។

តាមអនុក្រឹត្យដាច់ដោយឡែកមួយទៀត រាជរដ្ឋាភិបាល ក៏បានសម្រេចបំបែក​ស្រុកឧដុង្គ ជា២ គឺ «ក្រុងឧដុង្គម៉ែជ័យ» ដោយកាត់យកឃុំចំនួន ៥ គឺឃុំវាំងចាស់ ឃុំវាលពង់ ឃុំត្រាចទង ឃុំព្រះស្រែ និងឃុំក្សេមក្សាន្ត ពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ​។ រីឯ «ស្រុកសាមគ្គីមុនីជ័យ» ​កាត់យកឃុំ ចំនួន ១០ ពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ​ គឺឃុំចាស់​សែន ឃុំជើងរាស់ ឃុំ​ជំពូព្រឹក្ស ឃុំក្រាំងចេក ឃុំមានជ័យ ឃុំព្រៃក្រសាំង ឃុំយុទ្ធសាមគ្គី ឃុំដំណាក់​រាំង ឃុំពាំងល្វា និងឃុំភ្នំតូច។​​

ដូច្នេះជាសរុប នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ យ៉ាងហោចណាស់ សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ ៤ ដាច់ដោយឡែកពីគ្នា​។ អនុក្រឹត្យ​ទី១-បង្កើត «​ក្រុងអរិយក្សត្រ»។ ចំណែក​អនុក្រឹត្យទី២ បង្កើត​ «ក្រុង​សំពៅពូន» ក្នុងខេត្តកណ្តាល។ អនុក្រឹត្យទី៣ បង្កើតស្រុកថ្មីមួយទៀត នៅខេត្តក្រចេះ គឺ «ស្រុកអូរគ្រៀងសែនជ័យ»។ អនុក្រឹត្យទី៤ បំបែក​​ស្រុកឧដុង្គ ក្នុងខេត្តកំពង់ស្ពឺ ជាពីរ គឺ«ក្រុងឧដុង្គម៉ែជ័យ» និង«ស្រុកសាមគ្គីមុនីជ័យ»។

ការបង្កើត​ក្រុងថ្មី និងបង្កើត​ស្រុកថ្មី នាពេលនេះ ត្រូវបានធ្វើឡើង នៅមុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សារាជធានីខេត្ត និងក្រុមប្រឹក្សា​ក្រុង​ស្រុកខណ្ឌ អាណត្តិទី​៤ ដែលនឹងត្រូវធ្វើឡើង នៅខែឧសភា ឆ្នាំ២០២៤​។ ការបោះឆ្នោតនេះ ធ្វើឡើង​អសកល ដោយ​មានតែអ្នកតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែងប៉ុណ្ណោះ ជាអ្នកបោះឆ្នោត៕

Turbo tech solutions
HQP