បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីត្រូវរថយន្តកុងតឺន័រមកបុកពីក្រោយ

150

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីត្រូវរថយន្តកុងតឺន័រមកពីក្រោយបុកយ៉ាងពេញទំហឹង រួចកិនពីលើចំក្បាល ចំណែកឯរថយន្តបង្កបើករត់អូសម៉ូតូជាប់នៅខាងក្រោមរួចអ្នកបើកបរទុករថយន្តចោលគេចខ្លួនបាត់ស្រមោលទៅ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៧ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះយឹម អាត អាយុជាង៣០ឆ្នាំ សព្វថ្ងៃជាកម្មករសំណង់ ។


ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខ ង-8901 ភព1 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1831 ធ្វើដំណើរស្របទិសគ្នាពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនបានជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយពេញទំហឹង រួចកិនពីលើបុរសរងគ្រោះចំក្បាលបណ្តាលឱ្យស្លាប់នៅនឹងកន្លែង។ ចំណែករថយន្តបង្កបន្តល្បឿនបើករត់ទៅមុខទាំងម៉ូតូអូសជាប់នៅពីក្រោមជាច្រើនម៉ែត្រ ទើបកម្លាំងសមត្ថកិច្ចប្រដេញតាមពីក្រោយឃាត់បានតែរថយន្ត ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។…

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែង ធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រីឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Turbo tech solutions
HQP