តិចសាស់៖ មនុស្សយ៉ាងហោចណាស់ ០៧នាក់ បានស្លាប់កាលពី ថ្ងៃអាទិត្យ ទី៧ ឧសភា នៅភាគខាងត្បូងរដ្ឋតិចសាស់ និងច្រើននាក់ទៀតបានរងរបួសនៅពេលដែលរថយន្តមួយគ្រឿងបើកបំបុកក្រុមមនុស្សដែលកំពុងរង់ចាំនៅចំណតរថយន្តក្រុងមួយនៅខាងក្រៅមជ្ឈមណ្ឌលជំនួយជនចំណាកស្រុក។ ប៉ូលីសបាននិយាយថា ពួកគេចាត់ទុកឧបទ្ទវហេតុនេះថាជាគ្រោះថ្នាក់មួយសម្រាប់ពេលឥឡូវនេះ បើទោះជាសាក្សីម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាអ្នកបើកបរបានស្រែកជេរប្រមាថក្រុមនេះ មុនពេលបង្កើនល្បឿនក៏ដោយ។
អ្នកនាំពាក្យប៉ូលីសក្នុងតំបន់លោក ម៉ាទីន សាន់ដូវ៉ាល់ (Martin Sandoval)បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងAFPថា រថយន្តស្ព័រពណ៌ប្រផេះ “បានបើកឆ្លងភ្លើងក្រហម ហើយបើកបំបុកមនុស្សជាច្រើន” នៅម៉ោងប្រហែល ៨៖៣០ ព្រឹកក្នុងទីក្រុងប្រោនវីល (Brownsville) ដែលជាទីក្រុងព្រំដែននៅចុងភាគខាងត្បូងរដ្ឋតិចសាស់។
លោកបាននិយាយថា មនុស្សចំនួន០៧នាក់ បានស្លាប់ និងប្រហែល១០នាក់ផ្សេងទៀតបានរងរបួស។ សាក្សី ឈ្មោះ ល្វីស ហឺរេរ៉ា (Luis Herrera) ដែលដៃរបស់គាត់បានរងរបួសក្នុងឧបទ្ទវហេតុនោះ បានប្រាប់ថា ការបំបុកនេះកើតឡើងភ្លាមៗពេក ស្ត្រីម្នាក់បានជិះឡានចូលមក ហើយព្រមានយើងឱ្យចេញឆ្ងាយពីផ្លូវ។ បុរសវេណេស៊ុយអេឡាអាយុ ៣៦ ឆ្នាំបាននិយាយថា វាកើតឡើងលឿនពេក ឃាតកជិះក្នុងឡានធ្វើកាយវិការដៃមកលើពួកយើង និងជេរប្រមាថពួកយើង។ បន្ទាប់មកអ្នកបើកបរបង្កើនល្បឿនរថយន្តពេញកម្លាំង។
អ្នកបើកឡាន ក៏ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរនោះ និងត្រូវបានសាក្សីឃាត់ខ្លួនរហូតដល់ប៉ូលីសមកដល់។ ឥឡូវនេះគាត់ត្រូវបានចោទប្រកាន់ពីបទបើកបរមិនប្រុងប្រយ័ត្ន។
លោកសាន់ដូវ៉ាល់មុននេះបានប្រាប់ទូរទស្សន៍ ABCថា វាទំនងជាមានការចោទប្រកាន់ផ្សេងទៀតកើតឡើងនៅពេលក្រោយ ដោយមិនបញ្ជាក់ថាការចោទក្រោយៗអាចជាបទល្មើសអ្វីនោះទេ។ លោកសាន់ដូវ៉ាល់បាននិយាយថា អាជ្ញាធរកំពុងបើកការស៊ើបអង្កេតមួយថាតើការបុកនេះជាគ្រោះថ្នាក់ឬជាចេតនា៕
