ការប្រកួតកីឡាស្នូកឃ័រ និងប៊ីយ៉ា លើវិញ្ញាសាប៊ីយ៉ាការ៉ុម៣ បាំង (3-Cushion Carom) បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ នាល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅផ្សារទំនើប អ៊ីអនម៉ល ២សែនសុខ ជាន់ទី៣ ដោយកីឡាការិនីកម្ពុជា ស្រួង ភាវី ត្រូវប្រកួតដណ្ដើមមេដាយមាសជាមួយកីឡាការិនី វៀតណាមគឺ Hoang Yen Nhi Ngyuen។
កីឡាការិនីកម្ពុជា ស្រួង ភាវី បានយកឈ្នះកីឡាការិនីវៀតណាម Kien Tuong Phung ក្នុងពិន្ទុ២៥ ទល់នឹង១០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រហូតបានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសាកីឡាប៊ីយ៉ានេះ។
ជាលទ្ធផល កីឡាការិនី ស្រួង ភាវី បានសាងប្រវត្តិសាស្ត្រថ្មីមួយទៀតជូនប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ ដោយទទួលបានមេដាយមាស ក្នុងប្រកួតឈ្នះកីឡាការិនីវៀតណាម ក្នុងពិន្ទុ២៥ ទល់នឹង២០។
សូមបញ្ជាក់ថា កីឡាការិនី ស្រួង ភាវី ធ្លាប់ជាជើងឯកច្រើនដងមកហើយនៅសាធារណរដ្ឋកូរ៉េ ហើយនេះជាក្ដីស្រមៃក្លាយជាការពិតរបស់កីឡាការិនី ស្រួង ភាវី ដែលបានប្រកួតតំណាងជាតិកម្ពុជានៅលើទឹកដីកម្ពុជា។ ចំពោះលក្ខខណ្ឌក្នុងការប្រកួតកីឡានេះ សម្រាប់កីឡាការិនីទាំងពីរ គេចែកកូនប៊ីគោលម្នាក់មួយ។ ដើម្បីទទួលបានពិន្ទុកីឡាការិនីម្នាក់ៗត្រូវវាយចេញពីកូនគោលរបស់ខ្លួន ទៅបុកនឹងបាំងខាងណាក៏បានដែរឱ្យតែបានចំនួន៣បាំងឡើងទៅ មុននឹងប៉ះជាមួយនឹងកូនប៊ីទីពីរ គឺនឹងរាប់បានមួយពិន្ទុ។ សម្រាប់អ្នកដែលទទួលបាន២៥ពិន្ទុ មុននឹងទទួលបានជ័យជម្នះ៕


