ក្រុមបាល់ទះជម្រើសជាតិកម្ពុជាទទួលបានមេដាយប្រាក់ក្រោយបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមឥណ្ឌូនេស៊ី

89

ភ្នំពេញ ៖ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីវាយបកគ្នាយ៉ាងប្រកៀកប្រកិតដើម្បីដណ្ដើមយកពិន្ទុនោះ ក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ីបានយកឈ្នះក្រុមបាល់ទះជម្រើសជាតិកម្ពុជាដោយលទ្ធផល ឈ្នះ៣សិតទល់០ នាំឱ្យក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ទទួលបានមេដាយមាស ខណៈក្រុមជម្រើសជាតិកម្ពុជាទទួលមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ការប្រកួតរវាងក្រុមទាំងពីរនេះ បានធ្វើឡើងនាយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

សម្រាប់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នេះជាប្រវត្តិសាស្ត្រ ដែលអាចឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។ ក្នុងការចាប់ផ្ដើមប្រកួត ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានខិតខំធ្វើបានល្អ សម្រាប់ក្នុងការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីរបស់ខ្លួន ខណៈក្រុមជម្រើសជាតិឥណ្ឌូណេស៊ីយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ក្នុងសិតទី១ ដោយលទ្ធផលពិន្ទុ ២៥ទល់ ២១ សិតទី២ ២៥ ទល់១០ និងសិតទី៣ ២៥ទល់១៥។

បើទោះបីមិនបានឈ្នះមេដាយមាសក្ដី តែនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ក្រុមបាល់ទះកម្ពុជាផ្នែកបុរស ដែលបានខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញបំផុត ក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល៣សិតទល់២សិត។ ការទទួលបានមេដាយមាសរបស់ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីនេះ បានក្លាយជាក្រុមគ្រប់គ្រងមេដាយ១២សម័យកាល នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍។

សូមរម្លឹកផងដែរថា មុននឹងឈានដល់វគ្គផ្តាច់ព្រាត់នេះក្រុមជម្រើសជាតិទាំងពីរកម្ពុជា និងឥណ្ឌូណេស៊ីបានឆ្លងកាត់វគ្គជម្រុះជាច្រើនក្រុម ក្នុងនោះសម្រាប់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បានជួបប្រកួតជាមួយក្រុមបាល់ទះជម្រើសរើសជាតិហ្វីលីពីន ដោយយកឈ្នះ ៣ទល់០ យកឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ៣ទល់០ យកឈ្នះក្រុមជម្រើសជាតិកម្ពុជា ៣ទល់០ និងបន្ដយកឈ្នះវៀតណាមនៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ៣ទល់០។ ចំណែកក្រុមជម្រើសជាតិកម្ពុជាវិញ មុននឹងឈានមកជួបជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ៣ទល់០ ក្រុមជម្រើសជាតិហ្វីលីពីន៣ទល់០ ចាញ់ក្រុមជម្រើសជាតិឥណ្ឌណេស៊ី ១ទល់៣ និងយកឈ្នះក្រុមជម្រើសជាតិថៃ ៣ ទល់២៕

Turbo tech solutions
HQP