បាត់ដំបង៖ គ្រោះធម្មជាតិនៅតែបន្តយាយីមកលើផ្ទះប្រជាពលរដ្ឋនៅខេត្តបាត់ដំបងឥតឈប់ឈរ ដែលជាក់ស្ដែងលំនៅឋានចំនួន ៦១ ខ្នង ត្រូវបានបំផ្លាញដោយសារខ្យល់កន្ត្រាក់តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ករណីគ្រោះធម្មជាតិនេះបានកើតឡើងកាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ២ និង ១០ នាទីរសៀល ចំណុចភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខណៈមេឃកំពុងភ្លៀងធ្លាក់ខ្លាំង។
យោងតាមរបាយការណ៍របស់អាជ្ញាធរបានបញ្ជាក់ថា ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់នេះ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបទាំងអស់ចំនួន ៦១ ខ្នងផ្ទះ។ ក្នុងនោះផ្ទះដែលខូចខាតទាំងស្រុងចំនួន ៥ ខ្នងផ្ទះ និងរោងចំនួន ២ រោង និងតូបលក់អីវ៉ាន់ចំនួន ១ តូប។
របាយការណ៍បានបន្ថែមថា នៅគ្រប់ចំណុចដែលខ្យល់កន្ត្រាក់បានបំផ្លាញ មិនមានការប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕



