ភ្នំពេញ៖ លោកឧត្តមសេនីយឯក តែម ម៉ឺន ប្រធានសហព័ន្ធ ប្រដាល់គុនខ្មែរ បានឲ្យដឹងថាៈ សម្រាប់ប្រដាល់គុនខ្មែររបស់លោក គណៈកម្មាធិការ ជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ដាក់សន្ទស្សន៍ឲ្យរកមេដាយមាស ចំនួន ៣គ្រឿង។
ក្នុងការប្រកួតកាលពីថ្ងៃទី៨ ឧសភា ម្សិលមិញនេះ កីឡាករ កីឡាការិនីគុនខ្មែរ ចំនួន ៥រូប បានកក់កៅអី សម្រាប់វគ្គផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីឈ្នះនៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រនោះ។ ពួកគេទាំង៥រូប មានកីឡាករ ឡៅ ចិត្រា, ហ៊ឹម គឹមរៀង, ខាំ ខ្លានាង, កីឡាការិនី ម៉ើយ ស៊ឹង និងកីឡាការិនី ទួន ស្រីពីន ។
វគ្គផ្ដាច់ព្រ័ត្រដែលនឹងប្រកួត នៅរសៀលថ្ងៃទី១០ ខែឧសភា ស្អែកនេះ រួមមាន កីឡាករ ឡៅ ចិត្រា ជួបកីឡាករវៀតណាម Chau Dat Nguyen ។ កីឡាករ ហ៊ឹម គឹមរៀង ជួបកីឡាករឡាវ Soukna Keothatalath ។ កីឡាករ ខាំ ខ្លានាង ជួបកីឡាករវៀតណាម Le Cong Nghi ។ កីឡាការិនី មើយ ស៊ឹង ជួបកីឡាការិនីវៀតណាម Trieu Thi Phuong Thuy និងកីឡាការិនី ទួន ស្រីពីន ជួបកីឡាការិនីវៀតណាម Bui Yen Ly ដូចគ្នា ។
សូមបញ្ជាក់ថា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលប្រកួតកាលពីម្សិលមិញនេះ កីឡាករ ឡៅ ចិត្រា បានផ្ដួលកីឡាករម៉ាឡេស៊ី Athachai Saiphawat Kiang ត្រឹមទឹកទី១ ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម កីឡាករ ហ៊ឹម គឹមរៀង បានផ្ដួលកីឡាករមីយ៉ាន់ម៉ា Hein Thu Aung ត្រឹមទឹកទី២ ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម និងកីឡាករ ខាំ ខ្លានាង យកឈ្នះកីឡាករឡាវ Somboun Banxadeth ដោយពិន្ទុ ទម្ងន់ ៥១គីឡូក្រាម ។
ចំណែកកីឡាការិនីវិញ មើយ សឹង បានយកឈ្នះកីឡាការិនីហ្វីលីពីន Zyra Gados Bon-As ដោយពិន្ទុ ទម្ងន់ ៥១គីឡូក្រាម និង ទួន ស្រីពីន ឈ្នះកីឡាការិនីឡាវ Cuangchay Thalengliep ដោយពិន្ទុ ទម្ងន់ ៥៧គីឡូក្រាម ។
សូមបញ្ជាក់ថា ពេលនេះ មេដាយរបស់កម្ពុជា នៅតែឈរនៅកំពូលតារាង គឺ មេដាយមាស ៣៧គ្រឿង ប្រាក់៣១គ្រឿង និងសំរិទ្ធ៣៣គ្រឿង សរុប១០១គ្រឿង។ ប្រទេសព្រុយណេ និងទីម័រខាងកើត មិនទាន់បានមេដាយមាស នៅឡើយទេ៕

