អាង​ក្រដាស​មួយ​សន្លឹក ប្រើ​ល្បិច​បោកលុយ​រាប់​ម៉ឺន​ដុល្លារ​ពីប្រជា​ពលរដ្ឋ​ ជា​ថ្នូរ​នឹង​ការ​រត់ការ​ចូល​ជា​អតីត​យុទ្ធ​ជន​ដើម្បី​ទទួល​បាន​ប្រាក់បៀវត្ស

1082

ពោធិ៍សាត់៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ពី​ដើរ​បោ​ក​ប្រាស់​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ហើយ​យក​អស់​លុយរាប់​សិប​ម៉ឺន​ដុល្លារ​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​វាល​វែង ដោយ​គ្រាន់តែ​មាន​ក្រដាស​​តែងតាំង​មួយ​សន្លឹក ជា​ប្រធាន​ប្រតិបត្តិ​អនុ​សាខាសមាគម​សម្ព័ន្ធ​ប្រជាជន​ដើម្បី​សន្តិភាព​។ ការ​ចាប់ខ្លួន​ជន​ឆ​បោ​ក​រូប​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៧​និង​១២​នាទី​យប់ ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៣ ស្ថិត​ក្នុងស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។

បើ​តាម​លោក ធាង ឡេ​ង អធិការ​នគរបាល​ស្រុក​វាល​វែង បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ឃឹម សុ​ភ័​ណ្ឌ អាយុ​៥៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ចំការ​ជ្រៃ​ខាងជើង ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។

លោក​បញ្ជាក់​ថា ជនសង្ស័យ​រូប​នេះ​បាន​ដើរ​ធ្វើ​សកម្មភាព​ឆ​បោ​​ក​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​វាល​វែង អស់​ជា​ច្រើន​នាក់ ដោយ​ម្នាក់​ៗ​យក​អស់ប្រាក់​ចាប់ពី​៤០០០​ដុល្លារ​ឡើង​ទៅ និង​លុយ​ខ្មែរ អ្នកខ្លះ​អស់​មួយ​លាន​រៀល ឬ​២៤​លាន​រៀល ជា​ថ្នូរ​នឹង​ការ​រត់ការ​ចូល​ជា​អតីត​យុទ្ធ​ជន​ដើម្បី​ទទួល​បាន​ប្រាក់បៀវត្ស​។

លោក​បានបន្តទៀត​ថា នេះ​គ្រាន់តែ​ប្រជាពលរដ្ឋ​ដាក់​ពាក្យបណ្ដឹង​ដល់​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ ហើយ​នៅ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ផ្សេង​ទៀត ក៏​រង​គ្រោះ​ដោយសារ​ជន​ឆ​បោ​ក​ខាងលើ​នេះ​ផង​ដែរ តាម​រយៈ​ការ​បញ្ចុះបញ្ចូល​ឱ្យ​ចូល​ជា​អតីត​យុទ្ធ​ជន ដោយ​សំអាង​លើ​ឯកសារ​មួយ​សន្លឹក ដែល​មាន​ខ្លឹមសារ​ជា​សមាគម​សម្ព័ន្ធ​ប្រជាជន​ដើម្បី​សន្តិភាព ដែល​តែងតាំង​ជន​នេះ​ជា​ប្រធាន​ប្រតិបត្តិ​អនុ​សាខាសមាគម​ផង និង​តាម​រយៈ​សកម្មភាព​ការងារ​ជាមួយ​អាជ្ញាធរ ក្រុមការងារ​នៅ​ក្នុង​មូលដ្ឋាន​ផង ដើម្បី​បង្ហាញ​ឱ្យ​ពលរដ្ឋ​ឃើញ​មាន​ទំនុកចិត្ត​ដាក់​ទុន​ជាមួយ​តែ​ម្ដង​។

សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​ករណី​ថ្មី​មួយទៀត​នៅ​ក្នុងស្រុក​វាល​វែង ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ជន​ឆ​បោ​ក​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ក្រោយ​ពី​បែកធ្លាយ​ដឹង​ដល់​ថ្នាក់ដឹកនាំ​ខេត្ត និង​មាន​បញ្ជា​ពី​លោក ស ថេ​ង ស្នងការ​នគរបាល​ខេត្ត ឯកឧត្តម កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត រហូត​ដល់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម ឱ្យ​កម្លាំង​សមត្ថកិច្ច​ស៊ើបអង្កេត​ស្រាវជ្រាវ រហូត​ឈាន​ដល់​ចាប់ខ្លួន​ជន​ឆ​បោ​​ក​ខាងលើ យក​មក​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕

Turbo tech solutions
HQP