ភ្នំពេញ៖ ដោយឃើញនូវវីរភាពរបស់កីឡាការិនី ប៊ូ សំណាង ក្នុងការតស៊ូរត់រហូតដល់គោលដៅកំណត់ ប្រកួតវិញ្ញាសាររត់ចម្ងាយ៥០០០ម៉ែត្រ រត់ក្រោមដំណក់ទឹកភ្លៀងផងនោះធ្វើឲ្យមហាជន ទាំងប្រជាជនកម្ពុជា និងកាសែតថៃ និងវៀតណាមចុះផ្សាយព្រោងព្រាត ដោយសារនាងរត់ទាំងកណ្តាលភ្លៀងដោយមិនព្រមបោះបង់ការប្រកួតទោះបីជារត់ក្រោយគេក៏ដោយ។
ជាក់ស្តែងមុននេះ បើតាមហ្វេសប៊ុក ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានសរសេររៀបរាប់ថា ៖ «ផ្ញើជូនដំណឹងដ៏រីករាយជូនកញ្ញា ប៊ូ សំណាង កីឡាការិនីអត្តពលកម្មកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកផ្តល់ការលើកទឹកចិត្តជាថវិកា ១០០០ ០០០ រៀល ជូនដល់ក្មួយស្រី ។ ឯកឧត្តម រដ្ឋមន្ត្រីនឹងប្រគល់ថវិកាជូនក្មួយស្រីផ្ទាល់នៅទីស្តីការក្រសួងព័ត៌មាន ថ្ងៃស្អែកថ្ងៃពុធទី១០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១០ព្រឹក ។»
ទន្ទឹមនឹងនេះដែរ ឯកឧត្តម កឹម គុណវឌ្ឍន៍ ក៏បានបង្ហាញអារម្មណ៍មួយនេះលើកឡើងលើបណ្តាញសង្គមថា ៖ «ពិសេសជាមហាអស្ចារ្យម្ល៉េះទេ កុលធីតាខ្មែរ « កញ្ញា ប៊ូ សំណាង» គឺរូបអ្នកបានយកឈ្នះបេះដូងមនុស្ស ទាំងខ្មែរ និងសាសន៍ជាតិនានាដែលបានឃើញពីការតស៊ូ និងការតាំងចិត្តជាកំពូលរបស់អត្តពលិកកម្ពុជាមួយរូប ។ ខ្ញុំសូមកោតសរសើរ និងជូនពរក្មួយស្រីមានជោគជ័យក្នុងជីវិត ។»
បើក្រឡេកមកមើលប្រជាជនកម្ពុជាយើងវិញ ក៏បានបង្ហោះសារលើកទឹកចិត្ត ប៊ូ សំណាង ខ្លាំងណាស់ ដោយបានកោតសរសើរឆន្ទះ ការតស៊ូ របស់នាងរបស់ដល់គោលដៅទោះបីដឹងថា ចាញ់គេក៏ដោយ ។ ដោយនៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើនដែលខ្មែរយើងបានបង្ហាញអារម្មណ៍រំភើបនឹងភាពអង់អាចក្លាហានរបស់ប៊ូសំណាង ដោយអ្នកខ្លះថា នាងមានភាពអស្ចារ្យណាស់ កុំយំអី កីឡាការិនីរត់ប្រណាំង ប៊ូ សំណាង ព្យាយាមរត់៥គីឡូម៉ែត្រទាំងមេឃភ្លៀង និងខ្យល់ខ្លាំង ដោយនាងមិនឈប់ឡើយ ទោះចាញ់គេច្រើនជុំក៏ដោយ នាងតស៊ូរហូតដល់ទី នាងមិនបានឈ្នះមេដាយពិតមែន តែនាងបានឈ្នះមេដាយពីប្រជានជនកម្ពុជាទាំងអស់គ្នា ។

