ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខនេះនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនលាយឡំនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដូច្នេះសូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ។
យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុ អាកាសចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ថា នៅអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលជ្រលងសម្ពាធទាបពីភាគខាងជើងប្រទេស និងខ្យល់មូសុងនិរតី ក្នុងកម្រិតខ្សោយ
ក្រសួងធនធានទឹកបានលើកឡើងថា លក្ខណបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលសីតុណ្ហភាពអប្បបរមា មានពី២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៤-៣៦ អង្សាសេ ។ អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំណែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣៤-៣៦អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។
ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៣-៣៥ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ក្រសួងក៏បានលើកឡើងថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕
