បាត់ដំបង៖ បុរសវ័យចំណាស់ម្នាក់ចុះរាវខ្យងក្បែរផ្ទះទំនងជាខ្យល់គ ទើបលង់ទឹកអណ្តូងស្រះស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង ១៤:១៥នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៥ ស្ថិតក្នុងភូមិចែងក្តា ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ឡាច សុផាន ហៅ ញិ ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ និងជាមនុស្សផឹកស្រាជាប្រចាំ ហើយប៉ុន្មានថ្ងៃមុនក៏ធ្លាប់បានខ្យល់ម្តងរួចមកហើយ ហើយនៅថ្ងៃកើតហេតុនេះជនរងគ្រោះបានទៅចុះរាវខ្យងក្នុងអណ្តូងស្រះខាងលិចផ្ទះ ហើយទំនងជាខ្យល់ងងឹតមុខដួលចូលទឹកហើយទើបបណ្តាលអោយលង់ស្លាប់បែបនេះ ។
ក្រោយពេលកើតហេតុក្រោយទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញនៅមូលដ្ឋានបានចុះទៅពិនិត្យវិភាគធ្វើកោសល្យវិច័យ និងយោងតាមការអះអាងពីក្រុមគ្រួសារជនរងគ្រោះផងនោះ ក៏បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី៕


