ខេត្តតាកែវ ៖ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្ទះគ្មានលេខ ភូមិតាសូ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ដោយចាប់ខ្លួនមនុស្សចំនួន ៤នាក់ និងរឹបអូសថ្នាំញៀន ព្រមទាំងសារធាតុគីមីផ្សំជិត៨០គីឡូក្រាម ។
មន្ទីប្រឆាំងបទល្មើសគ្រឿងញៀនបានអោយដឹងថា ជនសង្ស័យចំនួន៤នាក់រួមមាន ៖ ទី១.ឈ្មោះ ទួន សាស្រា្ត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ ទី២.ឈ្មោះ ហ្វាង យ៉ាងណាម ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិ ខ្មែរ ទី៣.ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ និងទី៤.ឈ្មោះ ផាន វណ្ណារ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិ ខ្មែរ ។
ជាមួយគ្នាសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ១១៨.៦៤ក្រាម, សារធាតុគីមីផ្សំ (មិនច្បាស់) ទម្ងន់៧ ៩,១៧៦ក្រាម (៧៩គីឡូ ១៧៦ក្រាម) និងរថយន្ត១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕






