រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ដឹក​អ្នកដំណើរ​​បើកបរ​សុខ​ៗ​ស្រាប់តែភ្លើង​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ

11224

កំពត៖ រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ដឹក​អ្នកដំណើរ​​បើកបរ​សុខ​ៗ​ស្រាប់តែភ្លើង​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​លើ​ផ្លូវជាតិ​លេខ​៣ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ និង​អ្នក​លក់ដូរ​នៅ​ក្បែរផ្លូវ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៣​។

​តាម​ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​១៥​កៅអី ពណ៌​ស ដឹក​អ្នកដំណើរ​មួយ​គ្រឿង​បាន​ជួប​គ្រោះ​អគ្គិភ័យ បណ្ដាល​ឱ្យ​ផ្ទុះ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈ​ពេល​កំពុង​តែ​បើកបរ​សុខ​ៗ​នៅ​លើ​ផ្លូវជាតិ​លេខ​៣ កំពត ខេត្ត​ព្រះ​ស៊ី​ហ​នុ ចំណុច​ខាងជើង​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​អណ្តូង​ខ្មែរ ចម្ងាយ​២០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ដោយ​មិនដឹង​មូលហេតុ​។

បើ​តាម​លោក ទ្រី ឌី​ម៉​ង់ អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​កក់ ឃុំ​បឹង​ដែង ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់​ចាម ដែល​ជា​ម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹង​ថា រថយន្ត​របស់​លោក​ដឹក​អ្នកដំណើរ​ចំនួន​១០​នាក់ ក្នុង​នោះ​ស្រី​៦​នាក់ និង​ប្រុស​៤​នាក់ មក​ពី​ខេត្តកំពង់ចាម ដើម្បី​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្តកំពត​។ ហើយ​យប់មិញ​នេះ ភ្ញៀវ​ទាំងអស់​បាន​សម្រាក​នៅ​ក្រុង​កំពត​មួយ​យប់​រួច​ហើយ ដោយ​ព្រឹក​នេះ​ចេញដំណើរ​ទៅ​លេង​កម្សាន្ត​នៅ​រមណី​ដ្ឋា​ន​ភ្នំ​បូកគោ ខណៈ​ទើប​ចេញដំណើរ​មក​ដល់​ចំណុច​ខាងលើ ក៏​ជួប​ហេតុ​ការ​ដ៏​អាក្រក់​នេះ​តែ​ម្តង​ទៅ​។

លោក​បាន​ឲ្យ​ដឹង​បន្ត​ថា រថយន្ត​របស់​លោក​មិន​ដែល​មាន​បញ្ហា​អ្វី​សោះ​នា​ពេល​កន្លង​មក ប៉ុន្តែ​មិនដឹង​ជា​ចៃដន្យ​អី ពេល​នេះ​មក​ជួប​បញ្ហា​បែប​នេះ​ទៅ​វិញ​។ ប៉ុន្តែ​ក្នុង​ហេតុការណ៍​អគ្គិ​ភ​យ័​ឆាបឆេះ​នេះ មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកដំណើរ​ណា​ម្នាក់​ទេ គ្រាន់តែ​ខូចខាត​សម្ភារៈ​ប្រើប្រាស់ ដូច​ជា ៖ ខោអាវ​, គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន ដូច​ជា ចង្ក្រានហ្គាស​,​កំប៉ុង​ហ្គា​ស​ឆេះ​អស់​គ្មាន​សល់ និង​អ្នក​ជិះ​ម្នាក់​ៗ​យក​បាន​តែ​កាបូប​លុយ​ស្ពាយ​ជាប់​តាម​ខ្លួន​តែ​ប៉ុណ្ណោះ​។

កម្លាំង​សមត្ថកិច្ច​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ពេល​ហេតុការណ៍​កើតឡើង កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល បាន​រាយការណ៍​មក​កម្លាំង​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ស្នងការ​ខេត្ត​ចំនួន​២​គ្រឿង​ចេញ​មក​អន្តរាគមន៍​ពន្លត់​ភ្លាម​ៗ ប៉ុន្តែ​ជា​អកុសល​រថយន្ត​រង​គ្រោះ​ខាងលើ ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​តែ​មួយប៉ប្រិចភ្នែក​ឆេះ​នៅ​សល់​តែ​គ្រោងឆ្អឹង​តែ​ប៉ុណ្ណោះ​។ ហើយ​បើ​តាម​ការ​ពិនិត្យ​ឃើញជាក់ស្តែង អីវ៉ាន់​របស់​អ្នកដំណើរ​ដែល​ដាក់​ក្នុង​រថយន្ត សុទ្ធតែ​ជា​សម្ភារៈ​ងាយ​ឆាបឆេះ​មាន​ដូច​ជា កំប៉ុង​ហ្គា​ស​ជាដើម​។

សមត្ថកិច្ច​បន្ត​ថា រថយន្ត​រង​គ្រោះ​ខាងលើ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ខេត្ត ស្ទូច​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល ទុក​ឲ្យ​ម្ចាស់​យក​ទៅ​ជួសជុល ឬ​ថ្លឹង​លក់​ឲ្យ​អេ​ត​ចាយ​នៅ​ពេល​ក្រោយ​បន្ត​ទៀត​៕

Turbo tech solutions
HQP