ភ្នំពេញៈ យុវជនម្នាក់បានបើកម៉ូតូយ៉ាងលឿនទៅបុកនឹងខឿនថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យដួលបោកក្បាលនឹងបង្គោលប៉ាណូយ៉ាងពេញទំហឹងបណ្ដាលឲ្យស្លាប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១៥ ខែ ឧសភា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ។
ជនរងគ្រោះ(ស្លាប់) មានឈ្មោះ លី បូរ័ត្ន អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការខាងវេចខ្ចប់ ស្នាក់នៅស្ទឹងមានជ័យ មានស្រុកកំណើត នៅភូមិចំបុី ឃុំចំបុី ស្រុកអង្គរជ័យ ខេត្តកំពត ជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JL.6224 ជិះតែម្នាក់ឯង ។
តាមប្រភពដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា ដំបូងឡើយគេបានឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដាស្គុបពីបើកតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅ ពីខាងលិចមកខាងកើតយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកនឹងខឿនថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលខ្ទាតមនុស្សទៅបោកផ្ទុបនឹង បង្គោលប៉ាណូដោយសារមិនពាក់មួកសុវត្ថិភាពទើបបណ្តាលឲ្យបែកក្បាលស្លាប់ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌពោធិ៏សែនជ័យបានចុះមកវាស់វែងយកម៉ូតូទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់សពឱ្យទៅសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី៕

