ហូជីមិញ៖ ជនជាតិចិនតៃវ៉ាន់បីនាក់ត្រូវបានកាត់ទោសប្រហារជីវិតនៅក្រុងហូជីមិញកាលពីថ្ងៃព្រហស្បតិ៍ចំពោះការជួញដូរថ្នាំញៀនប្រមាណ៤៨០គីឡូក្រាម។
ហួង យេន សេង អាយុ២៥ឆ្នាំ កូយី ហាវ អាយុ៣៣ឆ្នាំ និងយេ ចេន ជៀ អាយុ២៦ឆ្នាំ ត្រូវបានតុលាការប្រជាជនក្រុងហូជីមិញកាត់ទោសកាលពីថ្ងៃ២២មិថុនា ចំពោះការជួញដូរថ្នាំញៀនក្រោយពួកគេបានឆ្លើយទទួលទោសកំហុស។
ក្រុមរដ្ឋអាជ្ញាវៀតណាមបាននិយាយថា ហួង យេន សេង ត្រូវបានអ្នកស្គាល់គ្នាបបួលទៅជួញដូរថ្នាំញៀននៅវៀតណាម ហើយនៅខែវិច្ឆិកាឆ្នាំ២០២០ជននេះបានធ្វើដំណើរមកកម្ពុជានិងបានចូលទៅវៀតណាមតាមព្រំដែនគោក។នៅខែមករា ឆ្នាំ២០២១ បុរសចិនតៃវ៉ាន់ឈ្មោះទួន ហ៊ូ បានអោយគេនាំគ្រឿងម៉ាស៊ីនមួយជាមួយនឹងថ្នាំញៀន៣០គីឡូក្រាមបង្កប់នៅខាងក្នុងទៅកាន់ឃ្លាំងមួយនៅក្រុងហូជីមិញ ។ បញ្ជាពីតៃវ៉ាន់ ទួន ពេលនោះបានប្រាប់សេងអោយនាំថ្នាំញៀននេះទៅកាន់ក្រុងហាណូយ និងបន្តទៅកាន់ខេត្តកាវ បាង(Cao Bang)ជាប់ព្រំដែនចិន។ សេងបានទទួលថ្លៃឈ្នួលនាំថ្នាំញៀនេះចំនួន១.៦០០ដុល្លារ។ នៅមួយខែក្រោយ ហ៊ូបានបញ្ជូនថ្នាំ៩០គីឡូក្រាមទៀតទៅកាន់ឃ្លាំងក្នុងក្រុងហូជីមិញដដែលដើម្បីអោយសេងនាំបន្ត។សំរាប់ថ្នាំញៀនលើកនេះ សេងបានទទួលថ្លៃឈ្នួល២៩.៧០០ដុល្លារ។នៅខែមីនាឆ្នាំ២០២១ ហ៊ូបានអោយគេនាំថ្នាំញៀន១៨០គីឡូក្រាមមកវៀតណាម និងបានជួលសេងនិងបុរសតៃវ៉ាន់ម្នាក់ទៀតឈ្មោះ កូយី ហាវ អោយនាំវាទៅកាន់ទីក្រុងហាណូយ។សេងបាននាំថ្នាំនេះ៩០គីឡូក្រាមទៅកាន់ខេត្តកាវ បាង។នៅខែឧសភាឆ្នាំដដែល ហ៊ូបានបញ្ជូនថ្នាំ១៨០គីឡូក្រាមទៀតមកកាន់វៀតណាម ហើយសេងបានរៀបចំថ្នាំ៣០គីឡូក្រាមនិងនាំទៅអោយបុរសតៃវ៉ាន់ឈ្មោះយេ ចេន ជៀ ។ យេ ចេន ជៀ បានហៅអ្នកដឹកជញ្ជូនក្រុមហ៊ុនGrabជាបុរសវៀតណាមអោយនាំទំនិញទៅកាន់ទីតាំងមួយ។អ្នកដឹកជញ្ជូនមានការសង្ស័យថាជាទំនិញខុសច្បាប់និងបានរាយការណ៍ទៅប៉ូលិស។
ក្រោយឆែកឆេរ ប៉ូលិសបានរកឃើញថ្នាំញៀនដ៏ច្រើនក្នងឡាំងទំនិញរបស់អ្នកអ្នកដឹកជញ្ជូនក្រុមហ៊ុនGrab។ការស្វែងរកបន្ថែមបានរកឃើញថ្នាំញៀន១៥០គីឡូក្រាមស្តុកទុកក្នុងឃ្លាំងមួយក្នុងក្រុងហូជីមិញ។
ក្រោយមកថ្នាំញៀនរាប់សិបគីឡូត្រូវបានរកឃើញនៅក្នុងផ្ទះរបស់សេង និងកូយី ហាវ រួមទាំងថ្នាំ៩០គីឡូទៀតនៅក្នុងឃ្លាំងមួយនៅក្រុងហាណូយ។ សរុប ចាប់ពីខែមករាឆ្នាំ២០២១ សេននិងអ្នករួមគំនិតបានលួចដឹកជញ្ជូនថ្នាំញៀនជាង៤៧៩គីឡូក្រាម៕

