សារព័ត៌មានបានរាយការណ៍ដោយដកស្រង់សម្តីប៉ូលិសថា មនុស្សបួននាក់ត្រូវបានសម្លាប់ និងបួននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារកាលពីយប់ថ្ងៃចន្ទនៅទីក្រុងហ្វីឡាដែលហ្វៀ (Philadelphia) ហើយជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។
អ្នកនាំពាក្យរបស់នាយកដ្ឋានប៉ូលិសក្រុងហ្វីឡាដែលហ្វៀបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រតាមអ៊ីមែលថា មាន “ជនរងគ្រោះដោយគ្រាប់កាំភ្លើងជាច្រើននាក់” ប៉ុន្តែនិយាយថាមិនមានព័ត៌មានលម្អិតបន្ថែមភ្លាមៗទេ។ កាសែត The Philadelphia Inquirer រាយការណ៍ថា នៅមុនម៉ោង ៨៖៤០ យប់ ប៉ូលិសបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសសង្ស័យម្នាក់ ដែលពាក់អាវកាក់បាលីស្ទីក (Ballistic) ហើយបានរើសយកកាំភ្លើងវែងមួយនិងកាំភ្លើងខ្លីមួយនៅលើផ្លូវដើរក្បែរនោះ។ ទាំង Inquirer និងទូរទស្សន៍ Philadelphia TV WPVI ដែលជាសាខារបស់ ABC News បានរាយការណ៍ថា មនុស្សពីរនាក់ដែលត្រូវបានបាញ់គឺជាអនីតិជន ប៉ុន្តែគេមិនច្បាស់ថាតើពួកគេស្ថិតក្នុងចំណោមអ្នកស្លាប់ឬអត់នោះទេ។
ព័ត៌មានលម្អិតនៃអំពើហិង្សាដោយកាំភ្លើងកាលពីយប់ថ្ងៃទី ៤ ខែកក្កដាគឺមានភាពស្រពេចស្រពិល ប៉ុន្តែការបាញ់ប្រហារនេះត្រូវបានរាយការណ៍ថាបានផ្ទុះឡើងនៅក្នុងសង្កាត់ឃីងសេសស៊ីង (Kingsessing) ភាគនិរតីទីក្រុងហ្វីឡាដែលហ្វៀ។
ការបាញ់ប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីមនុស្សពីរនាក់ត្រូវបានបាញ់សម្លាប់ និង ២៨ នាក់ផ្សេងទៀតបានរងរបួស ដោយប្រហែលពាក់កណ្តាលនៃពួកគេជាកុមារ នៅក្នុងការបាញ់ប្រហារដោយកាំភ្លើងនៅឯពិធីជប់លៀងខាងក្រៅទីវាលមួយក្នុងសង្កាត់មួយក្នុងទីក្រុងបាល់ទីម័រ (Baltimore) រដ្ឋម៉ារីលែន៕


