សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Twitter, Inc. កំពុងពិចារណាវិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុន Meta ជុំវិញការដាក់ឱ្យប្រើប្រាស់កម្មវិធីបណ្តាញសង្គម Threads ដែលជាគូប្រជែង កំពុងទទួលបានការទាញយកទៅប្រើរាប់លាននាក់ ត្រឹមតែប៉ុន្មានម៉ោង ក្រោយការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នេះ។
កម្មវិធី Threads ដែលត្រូវបានដាក់ឱ្យដំណើរការដល់មនុស្សរាប់លាននាក់ ដែលកម្មវិធីស្រដៀងទៅនឹងកម្មវិធីបណ្តាញសង្គម Twitter ផងដែរ។ លោក Elon Musk ប្រធានក្រុមហ៊ុន Twitter, Inc. បាននិយាយថា «ការប្រកួតប្រជែងគឺជារឿងត្រឹមត្រូវ តែការបោកប្រាស់មិនមែន»។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក្រុមហ៊ុន Meta បានបដិសេធការអះអាងនៅក្នុងលិខិតផ្លូវច្បាប់ ដែលបានចោទប្រកាន់ថា អតីតបុគ្គលិកក្រុមហ៊ុន Twitter បានចូលរួមជួយបង្កើតកម្មវិធី Threads ។
យោងតាមក្រុមហ៊ុន Meta បានឱ្យដឹងថា មនុស្សជាង៣០លាននាក់ បានចុះឈ្មោះសម្រាប់កម្មវិធីថ្មីនេះ ខណៈដែលទម្រង់ និងប្រតិបត្តិការណ៍របស់កម្មវិធី Threads ត្រូវបានអ្នកជំនាញផ្នែកបច្ចេកវិទ្យាអះអាងថា គឺស្រដៀងទៅនឹងកម្មវិធី Twitter។
នៅក្នុងការផ្លាស់ប្តូរដំបូង ដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន Semafor លោក Alex Spiro មេធាវីរបស់ក្រុមហ៊ុន Twitter បានផ្ញើលិខិតមួយទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg កាលពីថ្ងៃទី៥ ខែកក្កដា កន្លងទៅ ដោយចោទប្រកាន់ក្រុមហ៊ុននេះពាក់ព័ន្ធការក្លែងបន្លំជាប្រព័ន្ធ ចេតនា និងទង្វើខុសច្បាប់នៃអាថ៌កំបាំងពាណិជ្ជកម្មក្រុមហ៊ុន Twitter រួមនិងកម្មសិទ្ធិបញ្ញាផ្សេងៗទៀត ដើម្បីបង្កើតកម្មវិធី Threads ។
លោក Alex Spiro បានចោទប្រកាន់ជាពិសេសថា ក្រុមហ៊ុន Meta បានជួលអតីតបុគ្គលិក Twitter រាប់សិបនាក់ ដែលមាន និងបន្តមានសិទ្ធិចូលប្រើព័ត៌មានសម្ងាត់ពាណិជ្ជកម្មរបស់ក្រុមហ៊ុន Twitter និងព័ត៌មានសម្ងាត់កម្រិតខ្ពស់ផ្សេងទៀត។
លិខិតនោះបានបញ្ជាក់ថា «Twitter មានបំណងអនុវត្តសិទ្ធិលើកម្មសិទ្ធិបញ្ញារបស់ខ្លួនយ៉ាងតឹងរ៉ឹង ហើយទាមទារឱ្យក្រុមហ៊ុន Meta ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ការប្រើប្រាស់អាថ៌កំបាំងពាណិជ្ជកម្មរបស់ Twitter ឬព័ត៌មានសម្ងាត់ផ្សេងទៀត។ Twitter រក្សាសិទ្ធិទាំងអស់ ប៉ុន្តែមិនកំណត់ចំពោះសិទ្ធិក្នុងការស្វែងរកទាំងសំណងរដ្ឋប្បវេណី និងការបន្ធូរបន្ថយទោស ដោយមិនមានសេចក្តីជូនដំណឹងបន្ថែម»។
ដោយឡែក អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta លោក Andy Stone បានបង្ហោះសារមួយថា «គ្មាននរណាម្នាក់ នៅក្នុងក្រុមវិស្វករកម្មវិធី Threads គឺជាអតីតបុគ្គលិកក្រុមហ៊ុន Twitter នោះទេ នោះមិនមែនជារឿងពិតទេ»៕




