​បក្ស​ប្រឆាំង​ថៃ​បន្តផ្តល់ទំនុកចិត្តដល់លោក ភីតៈ លីមចារើនរ៉ាត់ ជាបេក្ខភាពនាយក​រដ្ឋមន្ត្រី​នៃការបោះឆ្នោតលើកទី​ពីរ​ ប៉ុន្តែប្រសិនបើលោកបរាជ័យគណបក្សភឿថៃនឹងចូលមកជំនួសតំណែងនេះ

42
Move Forward Party Leader Pita Limjaroenrat poses for a picture on the day of voting for a new prime minister at the parliament, in Bangkok, Thailand, July 13, 2023. REUTERS/Athit Perawongmetha

ថៃ៖ នៅល្ងាចថ្ងៃចន្ទទី១៧កក្កដា បានបន្តផ្តល់សេចក្តីទុកចិត្តដល់មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក ភីតៈ លីមចារើនរ៉ាត់ ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃការបោះឆ្នោតនាថ្ងៃពុធទី១៩កក្កដាខាងមុខ ប៉ុន្តែប្រសិនបើលោកបរាជ័យម្ដងទៀត គណបក្សភឿថៃនឹងចូលមកជំនួសតំណែងនេះ។

លោក ភីតៈ មេដឹកនាំ និងជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សដែលឈ្នះការបោះឆ្នោតសកល បាននិយាយបន្ទាប់ពីកិច្ចប្រជុំនៃសម្ព័ន្ធមិត្តថា គណបក្សទាំងប្រាំបីនឹងតែងតាំងលោកជានាយករដ្ឋមន្ត្រីនៅកន្លែងអង្គុយរួមគ្នានៃសភាជាប់ឆ្នោត និងព្រឹទ្ធសភាដែលតែងតាំងដោយយោធាសម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជុំទីពីរនៅថ្ងៃស្អែក។ លោកបានបន្តថា ការតែងតាំងលោកជាបេក្ខភាពនាយករដ្ឋមន្ត្រីសាជាថ្មី មិនអាចរារាំងដោយព្រឹទ្ធសភាបានទេ។ លោក ភីតៈ បាននិយាយថា បេក្ខភាពរបស់លោកមិនគួរត្រូវបានប៉ះពាល់ដោយពាក្យបណ្តឹងប្រឆាំងនឹងលោក ដែលត្រូវបានប្តឹងទៅតុលាការធម្មនុញ្ញនោះទេ។ ទោះជាយ៉ាងណា លោក ភីតៈ បានបន្ថែមថា ប្រសិនបើលោកបរាជ័យម្ដងទៀត លោកនឹងអនុញ្ញាតឱ្យសម្ព័ន្ធមិត្តរបស់គណបក្សចលនាឆ្ពោះទៅមុខ គឺគណបក្សភឿថៃ ចូលមកជំនួស។ លោក ភីតៈ បានសង្កត់ធ្ងន់ថា គណបក្សរបស់លោកកំពុងព្យាយាម ដើម្បីទទួលបានការគាំទ្របន្ថែមទៀតពីសមាជិកព្រឹទ្ធសភា ហើយលោកសង្ឃឹមថា លោកនឹងទទួលបានសំឡេងគាំទ្រកាន់តែច្រើនពីសមាជិកព្រឹទ្ធសភា។ 

ជាមួយគ្នានេះ គណបក្សទាំងប្រាំបីកាលពីថ្ងៃចន្ទ បានច្រានចោលការលើកឡើងរបស់សមាជិកព្រឹទ្ធសភាមួយចំនួន ដែលថា ពួកគេមិនអាចដាក់ឈ្មោះលោក ភីតៈ ជាបេក្ខជននាយករដ្ឋមន្ត្រីម្ដងទៀតបានទេ ដោយសារលោកបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើនពីសភា និងព្រឹទ្ធសភាកាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅ។ លើសពីនេះ សម្ព័ន្ធភាពទាំងប្រាំបី បានបញ្ជាក់ថា គណបក្សចលនាឆ្ពោះទៅមុខតែម្នាក់ឯង បានស្នើឱ្យធ្វើវិសោធនកម្មមាត្រា២៧២ នៃរដ្ឋធម្មនុញ្ញ ដើម្បីដកហូតសិទ្ធសមាជិកព្រឹទ្ធសភាក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ លោក ភីតៈ បាន​និយាយ​ថា សម្ព័ន្ធមិត្ត​ចម្រុះ​ប្រាំពីរ​ផ្សេង​ទៀត​មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​វិសោធនកម្ម​ដែល​បាន​ស្នើ​ឡើង​នោះ​ទេ។

មុនពេលកិច្ចប្រជុំនៃសម្ព័ន្ធមិត្តចំនួនប្រាំបីនៅថ្ងៃចន្ទ អនុប្រធានគណបក្សភឿថៃបានអត្ថាធិប្បាយថា ការតែងតាំងលោក ភីតៈ មិនអាចធ្វើឡើងម្ដងទៀតជារៀងរហូតនោះទេ។ គណបក្សចលនាឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា ជាមួយនឹងអាសនៈសភាចំនួន១៥១ ហើយគណបក្សភឿថៃជាប់ចំណាត់ថ្នាក់លេខ២ ដែលមាន១៤១អាសនៈ។ បេក្ខភាពនាយករដ្ឋមន្ត្រីមួយរូប ដែលជាមហាសេដ្ឋីអចលនទ្រព្យ លោក ស្រ៊ីថា ថាវីសីន Srettha Thavisin អាចត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីបន្ទាប់ក្នុងការបោះឆ្នោតលើកទីបី ប្រសិនបើមាន។ លោកបានប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ប្រសិនបើលោកឈ្នះការជឿទុកចិត្តពីគណបក្សរបស់លោកឱ្យកាន់តំណែងកំពូលនេះ។

នៅក្នុងការបោះឆ្នោតកាលពីសប្តាហ៍មុន លោក ភីតៈ ទទួលបានសំឡេងគាំទ្រចំនួន៣២៤ ដោយមានសមាជិកព្រឹទ្ធសភាតែ១៣នាក់ប៉ុណ្ណោះ ដែលគាំទ្របុរសវ័យ៤២ឆ្នាំរូបនេះ ហើយសមាជិកដែលនៅសល់បានបោះឆ្នោតប្រឆាំងនឹងលោក ឬអនុប្បវាទ។ លោក ភីតៈ បានទទួលការគាំទ្រពីយុវជនយ៉ាងច្រើនសម្រាប់ផែនការរបស់លោក ដើម្បីរុះរើប្រព័ន្ធនយោបាយថៃ និងនាំមកនូវកំណែទម្រង់ដល់វិស័យ និងស្ថាប័នដែលចាត់ទុកថាមិនអាចប៉ះពាល់បាន។ នោះរាប់បញ្ចូលទាំងច្បាប់ដែលហាមប្រាមការប្រមាថព្រះមហាក្សត្រ ដែលរហូតមកដល់ពេលនេះ គោលនយោបាយដ៏ចម្រូងចម្រាសបំផុតរបស់បក្សចលនាឆ្ពោះទៅមុខ និងជាឧបសគ្គដ៏ធំមួយក្នុងការប៉ុនប៉ងបញ្ចុះបញ្ចូលសមាជិកសភាឱ្យគាំទ្រលោក ភីតៈ។ ទោះយ៉ាងណា លោក ភីតៈ ​បានប្រកាន់ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា គណបក្ស​របស់​លោក​នឹង​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ (មាត្រា ១១២ នៃ​ក្រម​ព្រហ្មទណ្ឌ) ព្រោះ​វា​ជា​ការ​សន្យា​ចម្បង​ក្នុង​យុទ្ធនាការ​បោះឆ្នោត​របស់​ខ្លួន៕

Turbo tech solutions
HQP