កូរ៉េខាងជើង៖ កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងចំនួន២គ្រាប់ឆ្ពោះទៅទិសខាងកើតនៅព្រឹកថ្ងៃពុធទី១៩ ខែកក្កដា ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីនាវាមុជទឹករបស់សហរដ្ឋអាម៉េរិក បានមកដល់កំពង់ផែកូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយនេះ។
ក្រសួងការពារជាតិជប៉ុនបានឱ្យដឹងថា មីស៊ីលទាំងពីរនេះហាក់ដូចជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ លើសពីនេះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada) បានប្រាប់អ្នកយកព័ត៌មានថា មីស៊ីលទីមួយបានឡើងដល់កម្ពស់៥០គីឡូម៉ែត្រ និងបាញ់បានចម្ងាយ៥៥០គីឡូម៉ែត្រ ខណៈមីស៊ីលទីពីរបានឡើងដល់កម្ពស់៥០គីឡូម៉ែត្រ និងហោះបានចម្ងាយ៦០០គីឡូម៉ែត្រ។ លោកបានបន្ថែមថា ប្រទេសជប៉ុនបានតវ៉ាប្រឆាំងនឹងការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាងតាមរយៈបណ្តាញការទូត។
ទន្ទឹមគ្នានោះ យោធាអាម៉េរិកបានបញ្ជាក់ថា ខ្លួនបានដឹងអំពីការបាញ់មីស៊ីលនេះ ហើយកំពុងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន។ យ៉ាងណាមិញ ការបាញ់បង្ហោះនេះហាក់ដូចជាមិនបង្កការគំរាមកំហែងភ្លាមៗដល់សហរដ្ឋអាម៉េរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួននោះទេ ប៉ុន្តែព្រឹត្តិការណ៍ទាំងនេះបង្ហាញពីផលប៉ះពាល់អស្ថិរភាពនៃកម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើង នេះបើតាមការលើកឡើងរបស់ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាម៉េរិក។ ក្នុងពេលជាមួយគ្នានោះ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់បង្ហោះបែបនេះ ដោយបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់មីស៊ីលផ្លោងជាបន្តបន្ទាប់របស់កូរ៉េខាងជើង នេះជាទង្វើបង្កហេតុដ៏ធ្ងន់ធ្ងរដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េ ក៏ដូចជាសហគមន៍អន្តរជាតិ ហើយជាការរំលោភយ៉ាងច្បាស់លាស់ចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
គួរបញ្ជាក់ថា ការបាញ់បង្ហោះមីស៊ីលលើកចុងក្រោយនេះ កើតឡើងជិតមួយសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើង បានសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប Hwasong-១៨ ចុងក្រោយរបស់ខ្លួន ដើម្បីជាការព្រមានដល់សហរដ្ឋអាម៉េរិក និងសត្រូវដទៃទៀត។ កាលពីថ្ងៃអង្គារ ទាហានអាម៉េរិកម្នាក់ដែលប្រឈមនឹងការដាក់វិន័យបានភៀសខ្លួនឆ្លងកាត់ព្រំដែនអន្តរកូរ៉េចូលទៅក្នុងប្រទេសកូរ៉េខាងជើង។ ទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងថា ទាហាននេះត្រូវបានគេជឿថាស្ថិតនៅក្នុងការឃុំឃាំងរបស់កូរ៉េខាងជើង ដែលបង្កើតឱ្យមានវិបត្តិថ្មីរវាងសត្រូវទាំងពីរ៕

