ប៉ាគីស្ថាន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន BBC បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះក្នុងសណ្ឋាគារប្រណិតមួយកន្លែងនៅក្នុងទីក្រុង QUETTA នៃប្រទេសប៉ាគីស្ថាន ដែលបានកើតឡើងកាលពីយប់ថ្ងៃពុធ ទី ២១ មេសា ម្សិលមិញនេះ។
ប្រភពខាងលើបានបញ្ជាក់ថា សណ្ឋាគារមួយកន្លែងនេះមានឈ្មោះថា Serena ជាប្រភេទសណ្ឋាគារលំដាប់ខ្ពស់នៅក្នុងប្រទេសប៉ាគីស្ថាន ហើយនៅក្នុងអំឡុងពេលនេះមានគណៈប្រតិភូចិនចំនួន ៤ នាក់ដែលដឹកនាំដោយឯកអគ្គរដ្ឋទូតចិនក៏ កំពុងស្នាក់នៅក្នុងសណ្ឋាគារមួយនេះដែរ។ យ៉ាងណាក្តី ក្រុមមន្ត្រីជាន់ខ្ពស់តំណាងឲ្យប្រទេសចិនទាំងនោះមិនបានទទួលរងគ្រោះថ្នាក់អ្វីនោះទេ ព្រោះពេលកើតមានហេតុការណ៍ផ្ទុះគឺពួកគាត់កំពុងតែចេញទៅប្រជុំនៅខាងក្រៅសណ្ឋាគារ។
យោងតាមអាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់ថា ហេតុការណ៍ផ្ទុះបានកើតចេញពីកន្លែងចតរថយន្ត ដោយមានរថយន្តមួយបានផ្ទុះឡើង ហើយក្រោយមកក៏បានបន្តឆេះទៅកាន់រថយន្តផ្សេងទៀត និងបង្កឲ្យមានអគិភ័យឆាបឆេះយ៉ាងខ្លាំងតែម្តង។ ក្រៅតែពីមានអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក៏មានមនុស្សចំនួន ១១ នាក់ផ្សេងទៀតត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ ហើយពេលនេះពួកគេកំពុងទទួលសេវាសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។
រហូតមកទល់នឹងពេលនេះអាជ្ញាធរប៉ាគីស្ថានកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះដើម្បីឲ្យដឹងច្បាស់ថា តើវាគឺជារឿងចៃដន្យ ឬជាការបំផ្ទុះគ្រាប់បែកភាវកម្មដែលជនខិលខូចបានរៀបចំឡើងក្នុងគោលបំណងអាក្រក់ណាមួយ៕

