មនុស្សស្លាប់ និងរបួសកើនដល់ជាង ១៣០នាក់ ក្នុងហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចនៅប្រទេសថៃ 

24

លោកប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យមន្ត្រី ផ្តល់ជំនួយភ្លាមៗដល់ជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចនៅខេត្ត Narathiwat។​ លោកក៏បានធានាដល់អ្នកនៅរស់រានមានជីវិតថា ពួកគេនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្លូវចិត្តពីរដ្ឋផងដែរ។ ហេតុការណ៌នេះបានកើតឡើងនៅម៉ោងប្រហែល ៣រសៀល ថ្ងៃសៅរ៍ ទី២៩ ខែកក្កដា នៅឯឃ្លាំងមួយក្នុងក្រុង ម៉ានូ ដោយពេលនេះមនុស្សស្លាប់បានកើនឡើងដល់ ១២នាក់ និងរបួស ១២១ នាក់ និងខូចខាតផ្ទះសម្បែង ២៩២ ខ្នង។

យោងតាមលោកស្រី Rachada Dhnadirek ដែលជាអ្នកនាំពាក្យរងរដ្ឋាភិបាលបានឲ្យដឹងថា អភិបាលខេត្ត Narathiwat បានរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន សម្រាប់ជនរងគ្រោះនៅទីលានកីឡារបស់រដ្ឋបាលស្រុក ម៉ានូ ខណៈជនរងគ្រោះទាំងអស់ត្រូវបានផ្តល់ជំនួយសង្គ្រោះបន្ទាន់។

អ្នកនាំពាក្យខាងលើបន្តថា ព្រះមហាក្សត្រ ក៏បានបញ្ជូនឧបករណ៍សង្គ្រោះ និងរៀបចំអាហារដ្ឋានសម្រាប់ជនរងគ្រោះនៅឯទីជម្រកទាំងនោះផងដែរ។

ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ឯក Santi Sakultanak មេបញ្ជាការកងទ័ពជើងគោកទី៤ កាលពីថ្ងៃអាទិត្យ បានបញ្ជាឲ្យមន្ត្រី ត្រួតពិនិត្យស្តង់ដារសុវត្ថិភាពនៅឃ្លាំងកាំជ្រួចចំនួន៥២កន្លែងទៀតនៅទូទាំងខេត្ត Narathiwat ដើម្បីការពារករណីផ្ទុះ។

ដើមចមនៃការផ្ទុះឃ្លាំង ត្រូវបានលោកអភិបាលខេត្តដាក់ការសង្ស័យថា អាចបណ្តាលមកពីជាងផ្សាដែក មានការធ្វេសប្រហែស ក្នុងពេលជួសជុលឃ្លាំង ហើយប្រហែលជាផ្កាភ្លើងខ្ទាត ទៅប៉ះនឹងរំសេវ ឬក៏ផាវ និងកាំជ្រួចដែលរក្សាទុកនៅក្បែនោះ ទើបបណ្តាលឲ្យផ្ទុះនិងឆាបឆេះឡើងតែម្តង៕

Turbo tech solutions
HQP