ថៃ៖ ប៉ូលិសថៃបានឱ្យដឹងនៅថ្ងៃពុធទី ២៣ ខែសីហាថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងជាប់ពន្ធនាគារត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរបស់ប៉ូលិស បន្ទាប់ពីមានបញ្ហាសុខភាព នៅថ្ងៃដំបូងនៃការឃុំខ្លួនក្រោយការវិលត្រឡប់ពីការនិរទេសខ្លួននៅក្រៅប្រទេសជាង ១៥ឆ្នាំ។
ស្ថានភាពសុខភាពរបស់លោក ថាក់ស៊ីន ដែលបច្ចុប្បន្នអាយុ ៧៤ ឆ្នាំមិនទាន់ដឹងច្បាស់នៅឡើយទេ។ មន្ត្រីពន្ធនាគារ បានបញ្ជាក់ថា អតីតមេដឹកនាំរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែលោកឡើងសម្ពាធឈាមខ្ពស់ ដោយហេតុថាមិនអាចគេងលក់បាន ក្នុងយប់ដំបូងនៅក្នុងពន្ធនាគារ។ លោក ថាក់ស៊ីន មានបញ្ហាសុខភាពយូរមកហើយ ដោយមានជំងឺប្រចាំកាយពាក់ព័ន្ធនឹងបេះដូង សួត ឆ្អឹងខ្នង និងសម្ពាធឈាម។ ជំនួយការអគ្គស្នងការនគរបាលជាតិថៃ លោក ប្រាឈប់ វ៉ុងស៊ុក(Prachub Wongsuk)ប្រាប់រ៉យទ័រថា ពន្ធនាគារបានវាយតម្លៃស្ថានភាពសុខភាពលោកថាក់ស៊ីន ហើយឃើញថានៅមន្ទីរពេទ្យពន្ធនាគារ ខ្វះវេជ្ជបណ្ឌិត និងឧបករណ៍ពេទ្យដែលអាចមើលថែអ្នកជំងឺដូចលោកបាន ដូច្នេះលោក ថាក់ស៊ីន ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យប៉ូលិស។
ប្រធាននាយកដ្ឋានអប់រំកែប្រែ លោក អាយុទ្ធ ស៊ីតូផាន(Ayuth Sintoppant) ប្រាប់អំពីផែនការរបស់នាយកដ្ឋានសម្រាប់លោក ថាក់ស៊ីនថា ពន្ធនាគារនឹងធានាសន្តិសុខត្រឹមត្រូវសម្រាប់លោក និងធានាបាននូវលក្ខខណ្ឌរស់នៅសមរម្យ អាហារ ទឹកស្អាត និងការទៅសួរសុខទុក្ខ។ ដោយហេតុថា លោក ថាក់ស៊ីន ទំនងជាត្រូវបានទៅសួរសុខទុក្ខដោយសមាជិកគ្រួសារ សហការីជិតស្និទ្ធ និងមនុស្សមកពីស្ថាប័នផ្សេងៗ លោកនឹងត្រូវបានផ្តល់កន្លែងសមរម្យមួយដើម្បីជួបជាមួយពួកគេ។ ជាងនេះទៅទៀត ដោយសារលោក ថាក់ស៊ីន គឺជាមនុស្សចាស់ សុខភាពរបស់លោកនឹងត្រូវបានតាមដានយ៉ាងដិតដល់ ដើម្បីធានាបាននូវការថែទាំវេជ្ជសាស្ត្រត្រឹមត្រូវ។
ទន្ទឹមនឹងនោះ លោក សិតធិ សុធិវង្ស (Sitthi Sutivong) អនុប្រធាននាយកដ្ឋានអប់រំកែប្រែ បានលើកឡើងថា លោក ថាក់ស៊ីន មានសិទ្ធិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រចាប់ពីថ្ងៃដំបូងដែលលោកជាប់ពន្ធនាគារ។ ញត្តិអាចនឹងរៀបចំដោយលោក ថាក់ស៊ីនខ្លួនឯងផ្ទាល់ ឬសាច់ញាតិរបស់លោក។ ពេលដាក់ញត្តិនឹងត្រូវពិចារណាដោយគណៈកម្មការនៃនាយកដ្ឋានអប់រំកែប្រែ។
គណៈកម្មាធិការនឹងបញ្ជូនទៅក្រសួងយុត្តិធម៌ និងនាយករដ្ឋមន្ត្រី មុននឹងបញ្ជូនបន្តទៅព្រះមហាក្សត្រដើម្បីពិចារណា។ លោក សិតធិ សុធិវង្ស បានបន្ថែមថា ការលើកលែងទោសរបស់ព្រះមហាក្សត្រមានពីរប្រភេទ គឺសម្រាប់មនុស្សទូទៅ និងសម្រាប់បុគ្គលមានឋានៈ។ លោក ថាក់ស៊ីន ស្ថិតក្នុងប្រភេទទីពីរ។ ដំណើរការទាំងមូលអាចនឹងត្រូវបញ្ចប់ក្នុងរយៈពេលមួយទៅពីរខែ អាស្រ័យលើឯកសារភ្ជាប់មកជាមួយ និងការសម្រេចរបស់ព្រះមហាក្សត្រ។ ប៉ុន្តែឧបនាយករដ្ឋមន្ត្រីចាំផ្ទះ លោក វិស្ណុ ក្រាំងង៉ាម (Wissanu Krea-ngam) អ្នកជំនាញផ្នែកច្បាប់របស់រាជរដ្ឋាភិបាល ធ្លាប់បានបញ្ជាក់ថា ប្រសិនបើគ្មានការលើកលែងទោសទេ អ្នកស្នើសុំត្រូវរង់ចាំពីរឆ្នាំទៀត មុនពេលស្វែងរកការលើកលែងទោសម្ដងទៀត។
គួររំឭកថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការភ្លាមៗ បន្ទាប់ពីលោកបានត្រឡប់មកប្រទេសកំណើតវិញ។ លោកបានស្វាគមន៍អ្នកគាំទ្រដែលឈររង់ចាំការមកដល់របស់លោក ប៉ុន្តែក្រោយជាន់ដីមាតុប្រទេសមិនយូរប៉ុន្មាន លោក ថាក់ស៊ីន ស៊ីណាវ៉ាត្ ដែលមានវ័យ៧៤ឆ្នាំ ត្រូវបាននាំខ្លួនតាមក្បួនប៉ូលិសទៅកាន់តុលាការកំពូល។ តុលាការកំពូលបានបញ្ជាក់កាលពីថ្ងៃអង្គារថា លោក ថាក់ស៊ីន នឹងត្រូវជាប់គុក ៨ ឆ្នាំបន្ទាប់ពីការកាត់ទោស៕

