ក្រុមហ៊ុនវ៉ាក់សាំងបារាំង-អូទ្រីស Valneva កាលពីនៅថ្ងៃពុធ ទី២១ ខែមេសា បានប្រកាសថា ខ្លួនបានចាប់ផ្តើមការសាកល្បងដំណាក់កាលទី៣ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 សក្ដានុពលរបស់ខ្លួន ដែលនេះជាដំណាក់កាលសាកល្បងចុងក្រោយ មុនពេលក្រុមហ៊ុនអាចស្វែងរកការអនុម័តពីអាជ្ញាធរ។
ការសិក្សាដែលត្រូវបានគេឱ្យឈ្មោះថា «Cov-Compare» នឹងធ្វើការប្រៀបធៀបរវាងការឆ្លើយតបភាពស៊ាំរបស់អ្នកចាក់វ៉ាក់សាំង VLA2001 របស់ Valneva ជាមួយនឹងអ្នកចាក់វ៉ាក់សាំងរបស់ AstraZeneca ។
ក្រុមហ៊ុនឱសថជីវសាស្ត្រ Valneva បាននិយាយថា អ្នកចូលរួមប្រមាណ ៤,០០០ នាក់ នឹងទទួលបានវ៉ាក់សាំងចំនួន ២ដូស ហើយគោលបំណងសំខាន់នៃការសិក្សា គឺដើម្បីបង្ហាញពីឧត្តមភាពរបស់វ៉ាក់សាំង VLA2001 បើប្រៀបធៀបទៅនឹងវ៉ាក់សាំងរបស់ AstraZeneca នៅក្រោយរយៈពេល ២ សប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំង ដោយគិតអំពីកម្រិតនៃអង្គបដិប្រាណដែលវាប្រឆាំងនឹងជំងឺ COVID-19 ។
វ៉ាក់សាំងរបស់ក្រុមហ៊ុនដទៃគឺផ្អែកលើការស្រាវជ្រាវផ្សេងៗទាក់ទិននឹងការឆ្លើយតបភាពស៊ាំរបស់មនុស្ស ខណៈដែលវ៉ាក់សាំងរបស់ Valneva នឹងផ្អែកលើភាពអសកម្ម (inactivated covid) របស់វីរុសកូរ៉ូណាផ្ទាល់។ ប្រសិនបើលទ្ធផលនៃការសាកល្បងមានភាពវិជ្ជមាន វាក់សាំងរបស់ Valneva មានគោលបំណងធ្វើសុំការអនុម័តដំបូងនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២១នេះ៕
