នាយករដ្ឋមន្ដ្រីថ្មីនៃ​កម្ពុជា ស្នើសមាជិករាជរដ្ឋាភិបាលត្រូវប្ដេជ្ញាប្រឹងប្រែងបំពេញបេសកកម្មបម្រើជាតិឲ្យបានជោគជ័យ

99

​ភ្នំពេញ៖ នាយក​រដ្ឋមន្ដ្រី​ថ្មី​នៃ​កម្ពុជា​បាន​ស្នើ​សហ​សេ​វឹក​ដែល​សមាជិក​ក្នុង​រាជរដ្ឋាភិបាល​ត្រូវ​ប្ដេជ្ញា​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​បំផុត​ឲ្យ​អស់​សមត្ថភាព ដើម្បី​បំពេញបេសកកម្ម​ជាតិ​ដ៏​ឧត្តុ​ង​ឧត្តម​នេះ​ឲ្យ​បាន​សម្រេច​ជោគជ័យ​ដល់​ត្រចះត្រចង់​អាណត្តិ​ថ្មី​ដែល​ប្រជាពលរដ្ឋ​ប្រគល់​ជូន​តាម​រយៈ​ការ​បោះ​ឆ្នោត ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ដ្រី​លើក​ដំបូង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា នា​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៣ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា​ដែល​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​ពេញអង្គ គណៈរដ្ឋមន្ត្រី​ជា​លើក​ទី​១ ។​​​

ជាមួយ​គ្នា​នោះ​ដែរ នាយក​រដ្ឋមន្ត្រី​ថ្មី​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ជនរួមជាតិ​ទាំងអស់​ដែល​បាន​ផ្ដល់​យុត្តិធម៌​ជំនឿ និង​ការ​គាំ ទ្រ​យ៉ាង​រឹង​មាំ​ចំពោះ​គណបក្ស​ប្រជាជន​តាម​រយៈ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ប្រព្រឹត្ត​ទៅ កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ ដើម្បី​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​លទ្ធភាព​ដឹកនាំ​រាជរដ្ឋាភិបាល និង​បម្រើ​ជាតិ​មាតុភូមិ​បន្ត​ទៅ​ទៀត ជាមួយ​ភាព​កាន់តែ​ស្វាហាប់ និង​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ពេញទំហឹង ដើម្បី​កសាង​ការពារ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។

ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត បន្ត​ថា ជា​ការ​ពិត​ការ​បោះ​ឆ្នោត​កន្លង​ទៅ​នេះ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ត្រឹមត្រូវ​ដោយ​សេរី និង​យុត្តិធម៌​គ្មាន​អំពើ​ហិ​.​ង្សា​គ្មាន​ការ​គំ​រា​.​ម និង​ជា​ពិសេស​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ រហូត​ដល់​ជាង​៨​លាន​ពីរ​សែន​នាក់​ត្រូវជា​ប្រមាណ​៨៤,៥៤​ភាគរយ​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​របស់​គ ជ ប ក្នុង​នោះ​សំឡេង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​រហូត​៨២,៣​ភាគរយ ។

កិត្តិ​ទេសាភិបាល​បណ្ឌិត​បន្ថែម​ថា ច្បាស់​ណាស់​ថា លទ្ធផល​នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នៅ​ឆន្ទៈ​នៃ​ការ​គាំទ្រ​ដ៏​ពេញទំហឹង​នឹង​មោះមុត​ពី​ប្រជាពលរដ្ឋ​ភាគច្រើន​លើសលប់ និង​ពី​គ្រប់​មជ្ឈដ្ឋាន​លើ​កិច្ច​ដំណើរការ​ប្រជាធិបតេយ្យ​ដ៏​ត្រឹមត្រូវ និង​ទៀងទាត់​របស់​កម្ពុជា​ក៏​ដូច​ជា ការ​ជឿ​ទុកចិត្ត​ដ៏​ធំធេង​នៅ​ក្នុងថ្ងៃនេះ ។

ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖« ជា​ការ​ពិត​ការ​គាំទ្រ​ជឿ​ទុកចិត្ត​ដ៏​ធំធេង​មាន​ន័យ​មិន​ត្រឹមតែ​ជា​ការ​លើកទឹកចិត្ត​ដល់​មហិមា​ចំពោះ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​ទទួលខុសត្រូវ​ធំ​បំផុត​របស់​យើង​ទាំងអស់​គ្នា​នៅ​ក្នុង​ការ​បំពេញ​បេស​កម្ម​ជាតិ​ដ៏​ឧត្តុង្គឧត្តម​ឆ្លើយ​តប​នឹង​បំណងប្រាថ្នា​របស់​ប្រជាជន​យើង ជា​ពិសេស​ការ​ធានា​បន្ត​រក្សា​បាន​រឹង​មាំ​នូវ​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ ព្រមទាំង​ការ​បន្ត​ជំរុញ​កែ​លម្អ​ជីវិត ជីវភាព​របស់​ប្រជាជន និង​ការ​អភិវឌ្ឍ​ឈាន​ឡើង​ឥត​ឈប់​ឈរ​របស់​ប្រទេស​ជាតិ​»​។

ឯកឧត្តម​ថា ៖««​អាស្រ័យ​ហេតុនេះ​យើង​ទាំងអស់​គ្នា ជា​សហ​សេ​វឹក​ក្នុង​រាជរដ្ឋាភិបាល​ត្រូវ​ប្ដេជ្ញា​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​បំផុត​ឲ្យ​អស់​សមត្ថភាព​នៅ​ក្នុង​ស្មារតី សាមគ្គី​ស្អិតរ​មួ​ត និង​សហប្រតិបត្តិការ​ល្អ និង​ការ​សម្រាប់​សម្រួល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ពេញ​បេសកកម្ម​ជាតិ​ដ៏​ឧត្តុ​ង​ឧត្តម​នេះ​ឲ្យ​បាន​សម្រេច​ជោគជ័យ​ដល់​ត្រចះត្រចង់​អាណត្តិ​កិច្ច​ដែល​ប្រជាពលរដ្ឋ​យើង​ដ៏​ច្រើន​កុះករ​បាន​ប្រគល់​ជូន​»៕

Turbo tech solutions
HQP