អតីត​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ ​ត្រូវបាន​ចាប់ខ្លួន​វាស់​កំពស់​ចំពោះ​ករណី​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​

76

​​​អាម៉េរិក៖​ អតីត​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​ចាប់ខ្លួន​នៅ​ពន្ធនាគារ​មួយ​ក្នុង​រដ្ឋ​ច​ច​ចា​( Georgia)​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ពីបទចោទប្រកាន់​ធ្វើ​សកម្មភាព​ទុច្ចរិត​ និង​ ផ្សំគំនិត​គ្នា​ដើម្បី​បដិសេធ​ចោល​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០ ​នៅក្នុង​រដ្ឋ​ភាគខាងត្បូង​អាម៉េរិក​​។​

​ក្នុងអំឡុងពេល​ប្រទាញប្រទង់​គ្នា​មួយ​រយៈពេល​ខ្លីប្រហែល​៣០​នាទី អតីត​មេដឹកនាំ​វ័យ​៧៧​ឆ្នាំ​រូប​នេះ​ត្រូវបាន​នាំ​ទៅ​ចុះ​ឈ្មោះ​និង​ថតរូប​ចំពោះ​បទចោទប្រកាន់​ចំនួន​១៣​នៅ​ពន្ធនាគារ​ហ្វ៊ុល​ធឹន ខោ​ន​ធី​(Fulton County)​ក្នុង​ទីក្រុង​អា​ត្លង់​តា​(Atlanta) នេះ​បើ​តាម​ការិយាល័យ​តម្រួត​។​ ក្រោយ​ការ​នាំខ្លួន​ទៅ​ថតរូប​និង​វាស់​កំពស់ លោក​ត្រាំ​មាន​កំពស់​១,៩​ម៉ែត្រ ទម្ងន់​៩៧​គីឡូក្រាម និង​សក់​ពណ៌​ទង់​ដែង​។​លោកត្រូវបានដោះលែងអោយនៅក្រៅឃុំក្រោយការបង់ប្រាក់ធានាខ្លួន២សែនដុល្លារ។ ចុង​ចម្លើយ​ដទៃ​ទៀត​ក្នុងករណី​ធ្វើ​សកម្មភាព​ទុច្ចរិត​នេះ បាន​ចូលខ្លួន​ទៅ​ស្តាប់​ការចោទប្រកាន់​ចំពោះ​អាជ្ញាធរ​រដ្ឋ​ច​ច​ចា​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​និង​ក៏​ត្រូវបាន​នាំ​ទៅ​វាស់​កំពស់​និង​ថតរូប​រួច​ហើយ​ដែរ​។​

​មហាសេដ្ឋី​រូបនេះ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​បួន​លើក​ចាប់តាំងពី​ខែ​មេសា ដោយ​កត់សំគាល់​ឆ្នាំ​ដ៏​មាន​រឿងរ៉ាវ​ប្តឹងផ្តល់​ច្រើន​បំផុត​សំរាប់​ត្រាំ​នៅពេល​លោក​កំពុង​ព្យាយាម​បង្ហា​ញ​មុខ​នៅតាម​តុលាការ​ផង និង​ធ្វើ​យុទ្ធនាការ​ដណ្តើម​កៅអី​សេត​វិមាន​ជា​ថ្មី​ផង​។​ ក្នុងការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Truth Social របស់លោក មុន​ជិះ​យន្តហោះ​ទៅ​កាន់​ទីក្រុង​អា​ត្លង់​តា លោក​ត្រាំ​បាន​និយាយថា លោក​នឹង​ត្រូវ​ចាប់​ខ្លួន​ចំពោះ​«​សេចក្តីក្លាហាន​ហ៊ាន​ប្រឆាំង​នឹង​ការបោះឆ្នោត​ឆបោក​និង​លួច​បន្លំ​មួយ​»​។​ លោក​បាន​បន្ថែមថា​«​វា​ជា​ថ្ងៃ​សោកសៅ​មួយទៀត​នៅ​អាម៉េរិក​!»​។​

​សូម​រំលឹក​ថា ត្រាំ​បាន​អាច​គេច​មិន​ថតរូប​វាស់​កំពស់​ក្នុងអំឡុងពេល​ចាប់ខ្លួន​កាលពី​ពេលមុន​ក្នុង​ឆ្នាំនេះនៅ​រដ្ឋ​ញូវយ៉ក​ចំពោះ​បទចោទប្រកាន់​បង់ប្រាក់​បំបិទមាត់​តារា​អាសអាភាស​ម្នាក់ នៅ​រដ្ឋ​ផ្លរីដា​ចំពោះ​ការ​រក្សាទុក​ឯកសា​រ​សម្ងាត់រ​ដ្ឋ​ខុស និង​នៅ​រដ្ឋ​វ៉ាស៊ីនតោន​ពី​ប​ទសមគំនិត​បដិសេធចោល​លទ្ធផល​ចាញ់​ឆ្នោត​ឆ្នាំ​២០២០​។​ តែ​តម្រួត​នៅ​ខណ្ឌហ្វ៊ុល​ធឹន ខោ​ន​ធី បាន​និយាយថា​វា​ជា​នីតិវិធី​ស្តង់ដា​នៅ​រដ្ឋ​ច​ច​ចា ដែល​ចុង​ចម្លើយ​ត្រូវតែ​នាំ​ទៅ​ថតរូប​វាស់​កំពស់​មុនពេល​ដោះលែង​ក្រោម​ការបង់ប្រាក់​ធានា​ខ្លួន​។

​ការចាប់ខ្លួន​នេះ​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយពី​លោក​ត្រាំ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ជជែក​បញ្ចេញមតិ​តាម​ទូរទស្សន៍​នៅ​រដ្ឋ​វី​ស្កុន​ស៊ីន​( Wisconsin)​ដោយលោក​អួតអាង​ថា គូប្រជែង​ប្រាំ​បីនាក់​ក្នុង​គណបក្ស​សាធារណរដ្ឋ​សុទ្ធតែ​មាន​សម្លេង​គាំទ្រ​នៅ​ពី​ក្រោយ​លោក​ទាំងអស់​ក្នុង​ការស្ទង់មតិ​។​ត្រាំ​ក៏បាន​និយាយថា ក្រសួង​យុត្តិធម៌​អាម៉េរិក​ត្រូវ​រដ្ឋ​ការ​របស់​លោកបៃ​ដិន​ប្រើប្រាស់​ជា​អាវុធ​ដើម្បី​បំផ្លាញ​ការប៉ុនប៉ង​កាន់តំណែង​នៅ​សេត​វិមាន​របស់លោក​៕

Turbo tech solutions
HQP