បន្ទាយមានជ័យ៖ គម្រោងកែលម្អបរិស្ថានជុំវិញទន្លេសាបជំហាន២ សម្រាប់ក្រុងសិរីសោភ័ណ អនុវត្តសម្រេចបានប្រមាណ ៥០%ហេីយ ដែលជាកម្ចីហិរញ្ញប្បទាន ADB ក្នុងទំហំទឹកប្រាក់២២លានដុល្លារ ដេីម្បីកែលម្អក្រុងមួយនេះឱ្យទៅជាទីក្រុងមួយស្រស់ស្អាត ប្រកបដោយផាសុខភាព។
លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបន្តអញ្ជើញចុះពិនិត្យមើលក្រុមការងារអនុវត្ត “គម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាបជំហាន២” ក្នុងក្រុងសិរីសោភ័ណដែលកំពុងអនុវត្ត និងបានធ្វេីការជួសជុលផ្លូវឡើងវិញជាបណ្តេីរៗ នូវហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ដោយសារគម្រោង នៅក្នុងនៅភូមិតារាងបាល់ (ផ្លូវ យ៊ាំង ម៉េងតុល)សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ការអនុវត្តគម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាប ជំហាន២ សម្រាប់ក្រុងសិរីសោភ័ណ មានអនុគម្រោង២៖ អនុគម្រោងទី១ កែលម្អប្រព័ន្ធលូទឹកកង្វក់ (ប្រភេទលូ អ៊ុយ) និងអាងចម្រុះ និងអនុទី២ កែលម្អទីលានចាក់សំរាម (អនុវត្តជំហានបន្ទាប់ ឆ្នាំ២០២៤)។
ចំពោះ អនុគម្រោងទី១ ត្រូវបានអនុវត្តភ្ជាប់ប្រព័ន្ធលូតាមផ្ទះ ក្នុងផែនការគម្រោងទូទាំងក្រុង មាន៤សង្កាត់រួមមាន សង្កាត់កំពង់ស្វាយ សង្កាត់ព្រះពន្លា សង្កាត់អូរអំបិល និងសង្កាត់ទឹកថ្លា ដែលមានប្រវែងចំនួន១១២គីឡូម៉ែត្រ។
បច្ចុប្បន្ននេះអនុវត្តសម្រេចបានចំនួន៥០%ហេីយ គ្រោងបញ្ចប់ក្នុងកំឡុងខែកញ្ញា ឆ្នាំ២០២៤នាពេលខាងមុខ។ ដោយឡែកចំពោះគម្រោងដែលបានអនុវត្តរួច អ្វីដែលធ្វេីប៉ះពាល់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ក្រុមការងារ និងធ្វេីការជួសជុលឡេីងវិញទាំងអស់។ ចំពោះអត្ថប្រយោជន៍ ដែលពលរដ្ឋទទួលបាន ១-ការតភ្ជាប់ជូនឥតគិតថ្លៃ, ២- ពលរដ្ឋលែងព្រួយបារម្ភស្ទះបង្គន់ ស្ទះប្រព័ន្ធលូទឹក, ៣-បរិស្ថាននៅជុំវិញផ្ទះស្អាត គ្មានក្លិនស្អុយ, ៤-ទឹកកង្វក់ត្រូវបានចម្រុះ មុនបញ្ចូលទៅក្នុងស្ទឹង ដែលមិនប៉ះពាល់មច្ឆជាតិឡេីយ៕










