សៀមរាប៖ សត្វស្វាមួយចំនួននៅរមណីយដ្ឋានអង្គរ ជាពិសេសនៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បានខាំឬខ្វាច និងដណ្តើមរបស់របរពីភ្ញៀវទេសចរ ជាច្រើនករណី។ ដូចករណីខាងលើនេះដែរ អាជ្ញាធរជាតិអប្សរា សូមឲ្យភ្ញៀវទេសចរទាំងអស់បង្កើនការប្រុងប្រយ័ត្ន ចំពោះសត្វស្វានៅក្នុងតំបន់អង្គរនេះ។
ជាក់ស្តែង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារភ្នាក់ទេសចរបានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិថៃ ឈ្មោះ Mr.Jiraweth អាយុ៣៩ឆ្នាំ ដែលត្រូវបានស្វាខាំនៅខាងត្បូងបណ្ណាល័យខាងត្បូង។
លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍ បានឱ្យដឹងថា ក្រោយពីមានករណីភ្ញៀវម្នាក់ត្រូវបានស្វាខាំភ្នាក់ងារទេសចរណ៍ប្រចាំនៅគោលដៅ បានសង្គ្រោះបឋម ដោយជូតសម្អាតមុខរបួសដែលស្វាខាំឬខ្វាចនោះ និងឱ្យអ្នករងរបួសទៅចាក់ថ្នាំបង្ការផង។
ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍ បានបញ្ជាក់ថាកន្លងមកមានស្វាកាចៗមួយចំនួនដែលខាំភ្ញៀវទេសចរជាស្វាដែលសាំនឹងមនុស្ស ព្រោះការផ្តល់ចំណីបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម និងស្វាមួយចំនួនទៀតត្រូវបានគេលួច យកមកលែង នៅព្រៃអង្គរ៕


