កំពង់ឆ្នាំង៖ ករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់បានបណ្ដាលឲ្យសាលាបឋមសិក្សាចំនួន ០២ខ្នង ប៉ើងដំបូលនិងរោងលក់ដូរមួយខ្នងនៅខាងមុខសាលាក៏បានប៉ើងដំបូលផងដែរ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៣រសៀលថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣នៅក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
តាមសេចក្តីរាយការណ៍ពីអាជ្ញាធរភូមិកំពង់ព្រះបានឲ្យដឹងថា មុនពេលកើត ហេតុគេឃើញមេឃស្រឡះ និងមានកម្ដៅក្ដៅខ្លាំងជាងសព្វមួយដង តែមួយសន្ទុះក្រោយមក គេឃើញប្រែជាមានពពកខ្មៅទម្លាក់កន្ទុយចុះនៅទិសខាងត្បូង ស្រាប់តែលឺសម្លេងគ្រឹកៗ មួយសន្ទុះក្រោយមកមានខ្យល់កួច ប៉ើងស័ង្កសីដំបូលរោងលក់ដូរនៅមុខសាសា និងបានបន្តកួចយកដំបូលសាសាបឋមសិក្សាក្នុងភូមិកំពង់ព្រះប៉ើងសង្ក័សីហោះព្រោងព្រាត ប៉ុន្តែហេតុការណ៍ខាងលើនេះពុំបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ។
បន្ទាប់ពីស្ងប់ខ្យល់មានអាជ្ញាធរឃុំឆ្នុកទ្រូ និងអាជ្ញាធរស្រុកបរិបូរណ៍ បានចុះមកពិនិត្យស្ថានភាពជាក់ស្តែង នៃទំហុំនៃការខូចខាតខាងលើនេះ ដើម្បីរាយការណ៍ជូនទៅថ្នាក់លើ៕



