ត្បូងឃ្មុំ៖ សម្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ បានចុះបង្រ្កាបទីតាំងផលិតបារី ដោយគ្មានលិខិតអនុញ្ញាត១កន្លែង និង១កន្លែងទៀត បានរក្សាទុកបារី ដែលគ្មានច្បាប់អនុញ្ញាត ដោយក្នុងការបង្ក្រាបនេះ ដឹកនាំដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តត្បូងឃ្មុំ និងលោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់០៦។ ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតភូមិដារកណ្ដោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ វត្ថុធាតុដើម និងសម្ភារផលិតបារីមួយចំនួនដូចជា៖ ម៉ាស៊ីនផលិតបារី ចំនួន០២គ្រឿង, ម៉ាស៊ីនវេចខ្ចប់បារីចំនួន០២គ្រឿង, សរសៃថ្នាំជក់ទម្ងន់២.៤០០ គីឡូក្រាម, កាវទម្ងន់១.៥០០ គីឡូក្រាម, ស្នោកន្ទុយបារី ទម្ងន់២.៦៩៦ គីឡូក្រាម, ថង់ខ្មៅ ទំទម្ងន់៣.៦៨០ គីឡូក្រាម, ស្គុតទម្ងន់ ១៤៤៣ គីឡូក្រាម, បារីម៉ាក EESE ចំនួន១.២៧៣ ប៊ិក, បារីម៉ាក HUANGHELOU ចំនួន១៩០ប៊ិក និងសំបកវេចខ្ចប់បារី ចំនួន ២.៤០៨កេស។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅពេលសមត្ថកិច្ចកំពុងចុះប្រតិបត្តិការមានអ្នកទូរស័ព្ទមកគំរាមមិនឲ្យបង្ក្រាប តែការការគំរាមនោះមិនបានធ្វើសមត្ថកិច្ចបញ្ឈប់ប្រតិបត្តិការឡើយ ដោយបានបន្តនីតិវិធីរបស់ខ្លួនរហូតដល់ចប់។ តែយ៉ាងណាក្នុងប្រតិបត្តិការនេះសមត្ថកិច្ចមិនទាន់បានឃាត់ ខ្លួនម្ចាស់ទីតាំង ឬជនពាក់ព័ន្ធណាម្នាក់ឡើយ។ បច្ចុប្បន្នទំនិញល្មើសទាំងនេះ ត្រូវបានឃាត់ និងយកមកថែរក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងឃ្លាំងគយ ផែស្ងួត លឹម ប៊ុណ្ណា ត្រពាំងផ្លុង ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយតាមនីតិវិធី។
សូមជ្រាបថា មុននឹងឈានទៅដល់ការព័ទ្ធចាប់សិប្បកម្មនិងឃ្លាំងខាងលើ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ មានរថយន្តម៉ាក Mitsubishi Canter ពាក់ផ្លាកលេខ កំពង់ចាម 2B-3012 ដឹកបារីម៉ាក ESSE ចំនួន៤០ប៊ិច ដែលមន្ត្រីគយតំបន់៦ បានចាប់ឃាត់បានហេីយអ្នកបើកបររថយន្ត ក៏បានឆ្លើយសារភាពថា បារីដែលខ្លួនដឹកនេះ គ្មានឯកសារបង់ពន្ធអ្វីទេ ហើយខ្លួនបានចូលទៅដឹកចេញពីឃ្លាំង យកទៅឱ្យឈ្មោះ ថាន់ ជាងម៉ាស៉ីន នៅផ្សារ ជីភូ ខេត្តស្វាយរៀង ដើម្បីត្រៀមធ្វើការនាំចេញទៅប្រទេសវៀតណាម៕







