ឥណ្ឌូណេស៊ី៖ ប៉ូលិសឥណ្ឌូណេស៊ីបានចាប់ខ្លួនជនជាតិចិនចំនួន ៨៨ នាក់ពីបទជាប់ពាក់ព័ន្ធក្នុងក្រុមបោកប្រាស់តាមទូរស័ព្ទឆ្លងព្រំដែននិងបណ្តាញទំនាក់ទំនងស្នេហាតាមអ៊ីនធឺណិត បន្ទាប់ពីទទួលបានតម្រុយពីក្រសួងសន្តិសុខចិន។
អ្នកនាំពាក្យប៉ូលិសកោះរីអោ (Riau) លោក ហ្សាវ៉ានី បានដ្រា អាស្យាដ (Zahwani Pandra Arsyad) បាននិយាយថា ជនសង្ស័យរួមទាំងស្ត្រីប្រាំនាក់ត្រូវបានចាប់ខ្លួននៅលើកោះបាតាម (Batam) ក្បែរប្រទេសសិង្ហបុរី។ ពួកគេធ្វើការពីហាងទំនិញ អគារដែលលាយឡំជាមួយអគារពាណិជ្ជកម្ម និងអគារលំនៅឋានចម្រុះក្នុងសួនឧស្សាហកម្ម។ លោកបាននិយាយទៀតថា ប៉ូលិសជឿថា ជនសង្ស័យគឺជាសមាជិកនៃក្រុមឆបោកតាមទូរស័ព្ទ និងក្រុមបោកប្រាស់ស្នេហាតាមអ៊ីនធឺណិត។
លោកបានបន្តនិយាយថា ភាគច្រើននៃគោលដៅរបស់ពួកគេហាក់ដូចជាជនជាតិចិនដូចគ្នា ដែលត្រូវបានតេហៅតាមអ៊ីនធឺណិតនិង ត្រូវបានបោកបញ្ឆោតឱ្យផ្ទេរប្រាក់ បន្ទាប់ពីអ្នកហៅចូលបានបោកប្រាស់ “អារម្មណ៍” របស់ជនរងគ្រោះ។ ការស៊ើបអង្កេតបឋមបានបង្ហាញថា ក្រុមឆបោកទាំងនេះបានធ្វើសកម្មភាពតាំងពីដើមឆ្នាំនេះ ដោយបោកជនរងគ្រោះរាប់រយនាក់នៅក្នុងប្រទេសចិន ប៉ុន្តែគេមិនទាន់ច្បាស់ថាតើពួកគេប្រមូលបានលុយប៉ុន្មាននោះទេ។
លោកអាស្យាដបាននិយាយថា “យើងកំពុងធ្វើការស៊ើបអង្កេតករណីនេះ រួមទាំងថាតើមានជនជាតិឥណ្ឌូនេស៊ីណាម្នាក់ស្ថិតក្នុងចំណោមជនរងគ្រោះដែរឬអត់” ដោយបន្ថែមថា គ្មានជនសង្ស័យណាម្នាក់អាចនិយាយឬសរសេរភាសាឥណ្ឌូនេស៊ីបានឡើយ។ “ប្រសិនបើគ្មានទេ យើងនឹងនិរទេសពួកគេទាំងអស់ជាបន្ទាន់”៕

