ហុងកុង៖ ចិនបានចេញការប្រកាសអាសន្នកម្រិតខ្ពស់មួយ កាលពីថ្ងៃទី៣១សីហា នៅពេលដែលព្យុះទីហ្វុងដ៏ខ្លាំងមួយឈ្មោះSAOLAកំពុងបោកបក់សំដៅមកហុងកុង និងភាគខាងត្បូងចិនដីគោក។ ទីក្រុងជាច្រើនពន្យារពេលការចូលរៀនជាវិធានការប្រុងប្រយ័ត្ន។
តាមអាជ្ញាធរឧតុនិយមចិនថា ព្យុះSAOLA បានបោកបក់ជាមួយកម្លាំងខ្យល់ដល់លើសពី២០០គីឡូម៉ែត្រក្នុង១ម៉ោង នាថ្ងៃទី៣១សីហាវេលាម៉ោង១៨ម៉ោង ក្នុងស្រុកហើយព្យុះនោះស្ថិតនៅចម្ងាយ ប្រមាណជា៣៧០គីឡូម៉ែត្រ ភាគអាគ្នេយ៍ក្រុងហុងកុង។ នាថ្ងៃទី១កញ្ញាព្យុះនេះបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បោកបក់ខ្លាំង ដល់់កម្រិតគំរាមកំហែងT8ក្នុងកម្រិតទាំង១០។ ចិនដីគោកបានចេញការប្រកាសអាសន្នកម្រិតខ្ពស់បំផុតដល់កម្រិតទី៤។
មជ្ឈមណ្ឌល ឧតុនិយមជាតិចិនព្យាករណ៍ថា ព្យុះនោះនឹងបោកបក់មកដល់ដែនដីក្នុងតំបន់ឆ្នេរសមុទ្រ លាតសន្ធឹងពីក្រុងHUILI ដល់ក្រុងហុងកុងនារសៀលថ្ងៃទី១កញ្ញា។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរាយការណ៍ថា សេវាកម្មផ្លូវដែកត្រូវផ្អាកនៅក្រុងក្វាងទុងទាំងមូល ចំណែកទីក្រុងជាច្រើននាភាគខាងត្បូងប្រទេស ពន្យារពេលការចូលរៀន។
ក្រុមហ៊ុនអាកាសចរណ៍KATHAY PACIFICប្រកាសពីការលុបចោលរាល់ជើងហោះហើរ ចេញនិងចូលក្រុងហុងកុងរវាងថ្ងៃទី១ដល់ថ្ងៃទី២កញ្ញា។ សាខាក្រុមហ៊ុននេះមួយគឹក្រុមហ៊ុនអាកាសចរណ៍លក់សំបុត្រក្នុងតម្លៃទាបHK EXPRESS ប្រកាសពីការលុបចោលជើងហោះហើរ៧០ចេញនិងចូលក្រុងហុងកុង នាថ្ងៃទី១និងទី២កញ្ញា។ ក្រុមហ៊ុនអាកាសចរណ៍ដទៃៗទៀតក៏លុបចោលជើងហោះហើរចេញចូលក្រុងហុងកុងដែរ។
ព្យុះទីហ្វុងSAOLAបានបង្ខំឲ្យមានការជម្លៀសមនុស្សចេញច្រើនពាន់នាក់រួចហើយ ពេលវាបោកកាត់ភាគខាងជើងហ្វ៊ីលីពីន បណ្ដាលឲ្យមានទឹកជំនន់តែមកទាន់ពេលនេះមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះនៅឡើយ៕

