ពោធិ៍សាត់៖ រថយន្តតូយ៉ូតា ដឹកអ្នកដំណើរបើកបរក្នុងល្បឿនលឿនពេលមេឃកំពុងធ្លាក់ភ្លៀង ខណៈមកដល់ផ្លូវកោងក៏ជាន់ហ្វ្រាំងរអិលក្រឡាប់រថយន្តទៅបុកបង្គោលភ្លើង កណ្ដាលទ្រូងផ្លូវ បណ្តាលឱ្យមនុស្សប្រុសស្រី រងរបួសធ្ងន់ស្រាលចំនួន ០៨នាក់ ក្នុងចំណោមនោះមានម្នាក់បានស្លាប់នៅពេលបញ្ជូនដល់មន្ទីពេទ្យបង្អែកខេត្តពោធិសាត់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី១ កញ្ញា ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៥០ និង ១៥១ ចំណុចផ្លូវកោង ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
យោងតាមសាក្សីដែលបានឃើញហេតុការណ៍នោះបានឱ្យដឹងថា ក្នុងពេលមេឃដែលកំពុងធ្លាក់ភ្លៀង មានរថយន្ដម៉ាកតូយ៉ូតាមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC. 8834 បានដឹកអ្នកដំណើរដោយបើកបរពីទិសខាងលិចទៅខាងកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោងក៏បានរអិលរថយន្តក្រឡាប់ជ្រុលទៅបុកខឿន និងបោកផ្ទប់បង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យមនុស្សប្រុសស្រី ចំនួន០៨នាក់ រងរបួសធ្ងន់និងស្រាល ហើយក្នុងចំណោមនោះ បានស្លាប់ម្នាក់នៅពេលបញ្ជូនដល់មន្ទីពេទ្យបង្អែកខេត្តពោធិសាត់ ។
លោកអភិបាលខេត្ត បានដឹកនាំកម្លាំសមត្ថកិច្ច ចុះជួយសម្រួលការកកស្ទះចរាចរណ៍ លើដងផ្លូវ និងអន្តរាគមន៍ ហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យដឹកយកជនរងគ្រោះ ទៅព្យាបាល។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការស្រុកក្រគរ បានឲ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗ លោកបានដឹកនាំកម្លាំងនគរបាលចរាចរណ៍ស្រុកចុះមកដល់កន្លែងកើតហេតុ ហើយវត្តមានលោកអភិបាលខេត្តពោធិ៍សាត់ ក៏បានចុះជួយ និងអន្តរាគមន៍ផ្ទាល់ ដល់ជនរងគ្រោះដឹកតាមរថយន្តសង្រ្គោះទៅកាន់មន្ទីរពេទ្យ ដោយដាក់អ្នករបួសធ្ងន់ទៅមន្ទីពេទ្យខេត្ត និងអ្នករបួសស្រាលបញ្ជូនទៅមណ្ឌលសុខភាពស្រុកក្រគរ ហើយ ជនរងគ្រោះទាំង០៨នាក់ ផ្នែកជំនាញបានកំពុងចុះស្រង់អត្តសញ្ញាណរបស់ពួកគាត់ ដោយឡែក អ្នកបើកបរបានរត់គេចខ្លួន ខាងជំនាញយើងកំពុងធ្វើកិច្ចការនេះ។
ប្រភពព័ត៌មានចុងក្រោយ ដែលទទួលបានពីសមត្ថកិច្ចចរាចរណ៍ នៃស្នងការដ្ឋាននគបាលខេត្តពោធិសាត់ បានឱ្យដឹងនៅព្រឹកថ្ងៃទី២ កញ្ញានេះថា អ្នកដែលរងរបួសរួមមាន៖ ១. ឈ្មោះ លី ឆេងអ៊ួ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិតារាងបាល់ ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ , ២.ឈ្មោះ ខៀវ ផល្លី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិជោគជ័យ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ , ៣.ឈ្មោះ ទីវិណា អាយុ៤៣ឆ្នាំ ភេទស្រី រស់នៅសង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ រងរបួសធ្ងន់ , ៤.ឈ្មោះ គីម ផាត់ អាយុ២៨ឆ្នាំ ភេទស្រី រស់នៅភូមិជ្រៃកោង ឃុំស្លាកែត ក្រុងបាត់ដំបង រងរបួសធ្ងន់ , ៥.ឈ្មោះ នឿន ស្រីណាក់ អាយុមិនដឹង តែរស់នៅឈ្នួលកោង រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់ , ៦.ឈ្មោះ អ៊ុល វាសនា អាយុ៤០ឆ្នាំ បានស្លាប់ នៅពេលដែល បញ្ជូនដល់មន្ទីពេទ្យ , ៧.ឈ្មោះ សាវន ឆវ័ន អាយុ២១ឆ្នាំ រស់នៅម៉ក់ហឺ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រងរបួសស្រាល និង ទី៨. ឈ្មោះ យាត សំអាត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិអូរចា ឃុំអូរចា ក្រុងបាតដំបង រងរបួសស្រាល៕