តាកែវ៖ សមត្ថកិច្ចខេត្តតាកែវ បានធ្វើការស្រាវជ្រាវ ជុំវិញករណីមានជនមិនស្គាល់អត្តសញ្ញាណគប់ដុំថ្មរថយន្ត បណ្ដាលឱ្យរងបួស នៅភូមិសាស្ត្រឃុំខ្វាវ ស្រុកសំរោង ។
លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការង និងជាអ្នកនាំពាក្យស្នងការនគរបាលខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះថា តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត បានណែនាំដល់សមត្ថកិច្ចនគរបាលពាក់ព័ន្ធទាំងអស់ ត្រូវចុះស្រាវជ្រាវបន្ទាន់ ជុំវិញករណីជនមិនស្គាល់អត្តសញ្ញាណបានគប់ដុំថ្ម មកលើរថយន្តអ្នកធ្វើដំណើរបណ្ដាលឱ្យរងរបួស កាលពីយប់ថ្ងៃទី០១ ខែកញ្ញានេះ ដែលស្ថិតនៅភូមិសាស្ត្រផ្លូវជាតិលេខ៣ ស្ថិតនៅឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
លោកឧត្តមសេនីយ៍ត្រី អ្នកនាំពាក្យស្នងការនគរបាលខេត្ត បានលើកឡើងថា ករណីគប់ដុំថ្មនេះដែរ គឺបានកើតឡើងនៅបណ្ដាយផ្លូវជាតិលេខ៣ ដោយជនមិនស្គាល់អត្តសញ្ញាណបានគប់ចេញមកពីខាងលិចផ្លូវជាតិលេខ៣ ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ ត្រង់ចំណុចគីឡូម៉ែត្រលេខ៥៣ បណ្ដាលឱ្យត្រូវរថយន្តមួយគ្រឿង ដែលធ្វើដំណើរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ខាងកើតផ្លូវជាតិលេខ៣ ស្ថិតនៅភូមិសាស្ត្រឃុំខ្វាវ ស្រុកសំរោង បណ្ដាលឱ្យបែកកញ្ចក់ឡាន និងអ្នកបើកបររងរបួសបែកក្បាល ។
លោកឧត្តមសេនីយត្រី សៅ សារុន បានបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធ ដឹកនាំចុះធ្វើការស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរង ដឹកនាំកម្លាំងសមត្ថកិច្ច ស្រុកសំរោង និងស្រុកបាទី កំពុងដុតដៃដុតជើងយ៉ាងសស្រាក់សស្រាំស្រាវជ្រាវ ដើម្បីឈានទៅកំណត់មុខសញ្ញាជនដៃដល់ដែលបានដុំថ្មគប់មកលើអ្នកដំណើរ តាមដងផ្លូវសាធារណៈយកមកផន្តន្ទាទោសឱ្យខានតែបាន ។ ចំណែកជនរងគ្រោះខាងលើនោះយើងពុំបានស្គាល់អត្តសញ្ញាណឡើយ ៕



