ក្រសួងវប្បធម៌​ អំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់រូបថតវត្ថុបុរាណខ្មែរ ដើម្បីធ្វើការផ្សព្វផ្សាយលក់វត្ថុសិល្បៈ តាមប្រព័ន្ធបណ្ដាញសង្គម

86


ភ្នំពេញ៖​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញថា មានអាជីវករ និងអ្នកលក់អនឡាញមួយចំនួន បានធ្វើការផ្សព្វផ្សាយលក់ដូរវត្ថុសិល្បៈតាមប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក និងតិកតុក ដោយប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដែលក្រសួងបានបង្ហោះកន្លងមក ដើម្បីយកធ្វើជារូបភាព ទាក់ទាញ សម្រាប់លក់ដូរវត្ថុសិល្បៈឯកជនរបស់ខ្លួន។
ការយករូបថតវត្ថុបុរាណមកប្រើប្រាស់បែបនេះ ជាសកម្មភាពខុសឆ្គង និងជារូបភាពបោកប្រាស់ ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ។

មិនតែប៉ុណ្ណោះទង្វើនេះអាចធ្វើឱ្យសមត្ថកិច្ចបរទេស និងអ្នកកាន់កាប់សមុច្ច័យឯកជននានា យល់ច្រឡំថា​ វត្ថុបុរាណខ្មែរដែលគេបានប្រគល់មកកម្ពុជាវិញ ត្រូវបានចរាចរលក់ដូរក្នុងទីផ្សារ ដោយខ្វះការគ្រប់គ្រង ការពារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ប្រការនេះ នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការ នៃការទាមទារវត្ថុបុរាណខ្មែរមកវិញ និងបាត់បង់ទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងកន្លងមក ក្នុងការស្វែងរក និងនាំយកមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស។

ក្រសួងបានអំពាវនាវដល់អាជីវករ និងអ្នកលក់អនឡាញនានា ដែលប្រកបមុខរបរនេះ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់រូបភាពវត្ថុបុរាណខ្មែរ ដើម្បីផ្សព្វផ្សាយលក់ ដូរវត្ថុសិល្បៈរបស់ខ្លួន​ និងបានអំពាវនាវឱ្យនាំគ្នាចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាការពារ និងលើកតម្លៃកេរដំណែល ដូនតា ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ និងអត្តសញ្ញាណជាតិ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កូនខ្មែរ ជំនាន់ក្រោយៗទៀត។

ក្នុងករណី អាជីវករ ឬ អ្នកលក់អនឡាញណា ដែលមិនបញ្ឈប់នូវទង្វើមិនស្របច្បាប់នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការចាំបាច់តាមច្បាប់ជាធរមាន៕

Turbo tech solutions
HQP