ភ្នំពេញ ៖ សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងសុខាភិបាល បានចុះបង្ក្រាប ឱសថស្ថាន ពន្លឺបឹងត្របែក ដោយត្រួតពិនិត្យរកឃើញថ្នាំវាក់សាំងឆ្កែឆ្គួតប្រភេទ RABIES VACCINE, HUMAN I.P ក្លែងក្លាយ។
ប្រតិបត្តិការខាងលើបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្លះលេខ 22-23 ផ្លូវលេខ99 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាន ក្រោមការសម្របសម្រួលពីលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចុះឆែកឆេរនៅទីតាំងខាងលើ រកឃើញថ្នាំវាក់សាំងឆ្កែឆ្គួតប្រភេទ RABIES VACCINE, HUMAN I.P ប្រអប់ខ្លី ជាប្រភេទវាក់សាំងក្លែងក្លាយ ។
ថ្នាំក្លែងក្លាយដែលរកឃើញ រួមជាមួយម្ចាស់ទីតាំង ត្រូវបាននាំទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

